ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលជាស៊ីមកំចាយមារ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមគឺបានឡើងជាង ១០ពាន់លានដុល្លារអាមេរិកហើយ ខណៈការនាំចូល-នាំចេញទំនិញរវាងប្រទេសទាំងពីរនេះមានលក្ខណៈប្រដំប្រសងគ្នា។
សម្ដេចតេជោ ហ៊ុន សែន រំពឹងថា ក្រោយសម្ពោធដាក់ឲ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាន់តែរីកចម្រើនបន្ថែមទៀត។
សម្តេចតេជោ ថ្លែងកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំរួមគ្នាកសាង និងអភិវឌ្ឍន៍នៅខេត្តព្រៃវែងតាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ៕