ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សភាអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍លើវិស័យកសិកម្ម និងទេសចរណ៍នៅកម្ពុជា
ថ្ងៃទី ៖ 02-07-2025, ដោយ​​ Dara007 , 27 Views
                     
ភ្នំពេញៈ ប្រធានសភាអារ៉ាប៊ីសាអូឌីត បានចាប់អារម្មណ៍លើវិស័យកសិកម្ម និងទេសចរណ៍នៅកម្ពុជា ដោយជំរុញឱ្យភាគីទាំងពីរបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរលើវិស័យនេះ។

ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ លោក Abdullah ibn Muhammad Al ash-Sheikh ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា លោក Abdullah ibn Muhammad Al ash-Sheikh ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត  ក៏ចង់ឃើញទំនាក់ទំនងរវាងទេសទាំងពីរកាន់តែមានភាពល្អប្រសើរកើនឡើងទៀត តាមរយៈនៃភាគីទាំងពីរផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទៅវិញទៅមក ដើម្បីជាការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនល្អថែមទៀត។

ទន្ទឹមនេះ លោកក៏បានបញ្ជាក់បន្ថែមពីការជំរុញទំនាក់ទំនងតាមរយៈការផ្សាភ្ជាប់ជាមួយគ្នានៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងផងដែរ ហើយឯកឧត្ដម ក៏បានចាប់អារម្មណ៍ លើវិស័យកសិកម្ម និងទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។ 

ចំពោះវិស័យទេសចរណ៍ លោកប្រធានសភាក៏បានលើកឡើងថា មកដល់ពេលនេះប្រទេសទាំងពីរមិនទាន់មានជើងហោះហើរទេ ហើយក៏មិនទាន់មានក្រុមហ៊ុនទេសចរណ៍ផងដែរ ដូច្នេះឯកឧត្ដមចង់ឱ្យភាគីទាំងពីរបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរ ទាំងវិស័យទេសចរណ៍ និងកសិកម្មនេះជាដើម។

ជាមួយគ្នានេះ លោកក៏បានកោតសរសើរអំពីទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ី សាអូឌីត ដែលមានការរីកចម្រើនជាបន្តបន្ទាប់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការឯកភាពចំពោះការលើកឡើងរបស់ឯកឧត្ដមប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ហើយសម្ដេចក៏បានលើកឡើងអំពីសក្ដានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីត គួរតែសម្លឹងធ្វើការសិក្សា និងវិនិយោគក្នុងវិស័យសំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺវិស័យកសិកម្មតែម្ដង។

សម្ដេចតេជោបញ្ជាក់ថា វិស័យកសិកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នៅមានសក្ដានុពលច្រើនណាស់ ដែលត្រូវការការវិនិយោគពីក្រៅប្រទេសបន្ថែមទៀត ហើយប្រសិនបើអ្នកវិនិយោគអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍ គួរតែពិនិត្យមើលទៅលើការវិនិយោគ ទៅលើវិស័យកសិ-ឧស្សាហកម្ម ហើយចំណុចសំខាន់មួយទៀត គឺការកែច្នៃនៅផលិតផលកសិកម្មកម្ពុជាទៅលក់នៅក្រៅប្រទេសបន្ថែម។សម្ដេចតេជោបានបញ្ជាក់ទៀតថា កម្ពុជាមានសមត្ថភាពផលិតនូវផលិតផលដែលជាវត្ថុធាតុដើមកសិកម្មបានច្រើន ក៏ប៉ុន្តែកម្ពុជានៅមានការកង្វះខាតមួយ គឺការកែច្នៃផលិតផលរបស់ខ្លួន ដើម្បីទៅលក់នៅក្រៅប្រទេស។

សម្ដេចតេជោ ក៏បានលើកឡើងអំពីអង្កររបស់កម្ពុជាដែលទទួលបាននៅទីផ្សារអន្តរជាតិជាច្រើន ដោយទទួលស្គាល់ថាមិនមាននៅជាតិគីមី។ ចំពោះវិស័យទេសចរណ៍ សម្ដេចតេជោបានរំលេចដែរថា សម្ដេចចង់ឃើញមានជើងហោះហើរត្រង់ពីអារ៉ាប៊ីសាអូឌីត មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយនៃការបង្កើននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនផងដែរ។ 

ក្នុងជំនួបនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានចែករំលែកនៅស្ថានភាពព្រំដែនកម្ពុជា និងថៃ ដែលកំពុងកើតមាន ដល់ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ឱ្យបានយល់អំពីស្ថានភាពពិតប្រាកដរវាងប្រទេសទាំងពីរផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com