សម្ដេចធិបតីណែនាំឱ្យក្រសួងកសិកម្ម និងអាជ្ញាធរត្រូវប្រើប្រាស់កម្លាំងសរុបក្នុងការបង្ក្រាបទល្មើសនេសាទឱ្យដូចជាភ្លៀងរលឹម ដើម្បីធានាការពារមច្ឆជាតិ និងផលត្រីនៅក្នុងបឹងទន្លេសាបឱ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់ ព្រមទាំងចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះការផលិត, ការចែកចាយ និង ការប្រើប្រាស់ឧបករណ៍នេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរដូចជា ឧបករណ៍ឆក់ និងស្បៃមុងជាដើម។សម្ដេចធិបតីថ្លែងថា អ៊ីចឹងហើយការប្រើប្រាស់កម្លាំងសរុបដោយមានការចូរួមពីមន្រ្ដីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ បូកជាមួយមន្រ្ដីជលផល សូមបន្ដការងារនេះឱ្យបានដូចភ្លៀងរលឹម កុំធ្វើតែម្ដងហើយចប់ នេះគឺជាការធានា ហើយយើងឃើញប្រជាពលរដ្ឋយើងសប្បាយរីករាយ ដែលខ្ញុំថាអ្នកលក់គាត់រអ៊ូថាត្រីច្រើន គាត់លក់អត់អស់ ខ្ញុំថាល្អណាស់ ដែលមានត្រីច្រើន លក់មិនអស់ និងតម្លៃសមរម្យសម្រាប់អ្នកហូប ជាជាងអត់ត្រីហើយលក់ថ្លៃ នេះជាបញ្ហា ។ អ៊ីចឹងជាការធានានៃផលត្រីសម្រាប់រួម បឹងរួម បឹងធម្មជាតិរបស់យើងប្រជាពលរដ្ឋថែរក្សា និងខិតខំធ្វើការងារបន្ដ»។
សម្តេចធិបតី ក៏អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និង ប្រជាពលរដ្ឋ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ សម្រាប់ធ្វើនេសាទដូចជា៖ ថ្មស្អុយ, ឧបករណ៍ឆកត្រី, ស្បៃមុង, គ្រឿងផ្ទុះ ដែលឧបករណ៍នេសាទហាមឃាត់, ជាពិសេសសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី ១ ខែ មិថុនា ដល់ថ្ងៃទី៣១ ខែតុលា)។ មេត្តារួមគ្នា ដើម្បីទុកត្រីឱ្យធំ ឱ្យវាពងញាស់ឡើង កុំចាប់វា កុំបំផ្លាញវា ព្រោះត្រី គឺជាប្រភពអាហារដ៏ចម្បងមួយ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារធនធានជលផល ឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងទន្លេបាទី និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ សូមចូលរួមគ្រប់គ្រង និង អភិរក្សមច្ឆជាតិ ដែលលែងនៅក្នុងថ្ងែនេះ ឱ្យបានធំធាត់ សម្រាប់បំពេញសេចក្តីត្រូវការម្ហូបអាហាររបស់បងប្អូនផង និង ភ្ញៀវទេសចរមកលេងកម្សាន្តនៅរមណីយដ្ឋានទន្លេបាទីនេះផង។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ក្រសួង-ស្ថាប័ន កងយោធពលខេមរភូមិន្ទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីសម្រេចគោលដៅរួម ក្នុងការទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក និងបទល្មើសនេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ សំដៅពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពផងដែរ៕