ថ្លែងក្នុងក្នុងឱកាសក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ក្នុងដំណើរវិវត្តន៍ជាវិជ្ជមាននេះ យើងអាចកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសន្ទុះរីក ចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សា យ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។ តាមការ រំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥។
ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាម៉េរិក កើន ១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាម៉េរិក កើន ១៧,៩៨% បើធៀបនឹងរយៈពេល ដូចគ្នា ឆ្នាំ ២០២៤។
ដោយឡែក គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ ខែដើមឆ្នាំ មានចំនួន ២៩០ គម្រោង កើន ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤,២ ពាន់លាន ដុល្លារអាម៉េរិក កើន ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។ ចំនួនសហគ្រាសគ្រឹះស្ថានបានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ ដែលមានកម្មករនិយោជិត សរុប ១,៨៧ លាននាក់ កើនប្រមាណ ៥ម៉ឺននាក់។
ក្នុងនោះ ការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ ២០២៥ សម្រេចបាន ៩០៧ ៨៨៩ ហិចតា លើសឆ្នាំមុន ៦៧ ៧០១ហិចតា ឯការប្រមូលផលស្រូវរដូវប្រាំង សម្រេចបាន ៤ ២៥៤ ៥០៨តោន លើសឆ្នាំមុន ៤១៨ ០០០តោន ស្មើនឹង ១០,៩០%។
សម្ដេចតេជោបន្ដថា កម្ពុជា បានទទួលទេសចរអន្តរជាតិ ចំនួន ២,៩៥ លាននាក់ កើន ១១,៧% ឯទេសចរជាតិមានចំនួន ១៣,១៦ លាននាក់ កើន ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤។ ជាមួយគ្នានេះ ការកសាង ពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែ ព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ កំពុងត្រូវបានជំរុញ យ៉ាងខ្លាំងថែមទៀត។ ឆ្លងតាមលទ្ធផលជាក់ស្ដែងទាំងអស់នេះ បានបង្ហាញថារាជរដ្ឋាភិបាលបាននិង កំពុងអនុវត្តនូវអ្វីៗដែលជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យ៕