សម្ដេចតេជា មានប្រសាសន៍ថា សន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ជាសមិទ្ធផលដ៏វិសេស វិសាលដែលយើងសម្រេចបានមកយ៉ាងលំបាកតាមរយៈនយោបាយឈ្នះ ឈ្នះ ដោយឆ្លងកាត់ការតស៊ូ ការអត់ធ្មត់ និងការទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់។ ប៉ុន្តែសន្តិភាពនៅមានការគំរាមកំហែងនៅឡើយពីសំណាក់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលព្យាយាមធ្វើឱ្យសង្គមមានការបែកបាក់ ពោរពេញ ដោយកំហឹង ការភាន់ច្រឡំ និងភាពសម្អប់ សំដៅឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយ ហិង្សា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
ដូច្នេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ចលនាជ្រុលនិយមឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យវាមកបំផ្លាញសន្តិភាពបានឡើយ។ ក្នុងឱកាសនេះ សម្ដេចតេជាបានបញ្ជាកថា ចំពោះជនទាំងឡាយដែលនៅតែបន្តសកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ត្រូវ បញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេ អ្នកនឹងពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។
សម្ដេចតេជាបានបញ្ជាក់ទៀតថា់ ប្រទេសកម្ពុជាដ៏កម្សត់នេះធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើ ប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ ឥឡូវនេះ កម្ពុជា បានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្ដាប្រទេស។ យើងត្រូវការបំផុតនូវ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយ ប្រជាជាតិណាមួយឡើយ៕