លោក ហ៊ុន ម៉ានី ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា "ការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រជាជនខ្មែរគ្រប់រូប ចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ហើយយើងនឹងងើបឈរដោយស្មារតីរួមគ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេស និងប្រជាជនយើង"។
លោក ហ៊ុន ម៉ានី បន្ដថា ការជួបជុំរបស់យើងនៅថ្ងៃនេះ មិនមានបំណងពង្រីកបញ្ហានោះទេ! កម្ពុជាមានភាពចាស់ទុំក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងលើកកម្ពស់មិត្តភាព ការរាប់អាន និងការគោរពគ្នាទៅវិញទៅមករវាងជាតិសាសន៍ ដោយមិនជំរុញឱ្យមានការរើសអើងជាតិសាសន៍នោះទេ»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានសូមអរគុណសម្រាប់ទឹកចិត្ត និងស្មារតីទាំងអស់គ្នា ដែលបានចូលរួមការជួបជុំនៅថ្ងៃនេះ ទោះជារៀបចំក្នុងរយៈពេលខ្លីក៏ដោយ។ ការចូលរួមដ៏ច្រើនកុះករនេះ បានបញ្ជូនសារដល់កងកម្លាំងរបស់យើងដែលឈរជើងយ៉ាងអង់អាចក្លាហាននៅព្រំដែន ដែលបង្ហាញពីការគាំទ្ររបស់យើងនៅទីនេះ សម្រាប់ពួកគាត់»។
យុវជនកម្ពុជា បានលើកឡើងថា កម្ពុជាមិនចង់បានដីប្រទេសជិតខាងសូម្បីតែមួយមីលីម៉ែត្រឡើយ ក៏សូមកុំឲ្យនរណាមកយកដីកម្ពុជា ១-ប្រទេសកម្ពុជាខ្ញុំបានសុខសាន្តហើយ សូមកុំបង្ខំឲ្យកម្ពុជាធ្វើសង្គ្រាម ២-កម្ពុជាស្រឡាញ់ រក្សាសន្តិភាពណាស់ និង៣-ប្រទេសកម្ពុជា ប្រជាជនកម្ពុជា ស្អប់សង្គ្រាម! កម្ពុជា គោរពសន្តិភាព និងច្បាប់អន្តរជាតិ ក្នុងការការពារបូរណភាពទឹកដី។
សូមជម្រាបថា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ យុវជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដាក់រាប់ម៉ឺននាក់បានមកជួបជុំគ្នានៅទីតាំងនៅមុខសាលមហោស្រពកោះពេជ្រ ដើរថ្មើរជើងរួមគ្នា (Solidarity March) ដើម្បីលើកទឹកចិត្តដល់កងកម្លាំងតាមព្រំដែន ដែលដំណើរក្បួនថ្មើរជើងនេះ ចាប់ផ្ដើមពីកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ។
សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការធ្វើដំណើរថ្មើរជើង "Solidarity March" ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែក ការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន និងដើម្បីបង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកជម្លោះព្រំដែននៅតំបន់រស៊ើបទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាពកាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ៕