បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ពោលគឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។
នាយករដ្ឋមន្រ្តីថា កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី១៤ មិថុនា ឆ្នាំ ២០២៥ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានជួបប្រជុំគ្នាក្រោយពីខកខានប្រជុំអស់រយៈពេល ១២ឆ្នាំ។ ហើយការប្រជុំដ៍មានសារៈសំខាន់នេះបានបន្តប្រជុំនៅថ្ងៃទី១៥ មិថុនានេះបន្ថែមទៀត ។ មុនកិច្ចប្រជុំ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានផ្ដើមនៅរាជធានីភ្នំពេញ មេបញ្ជាការរបស់ថៃ ទទួលបន្ទុកព្រំដែន ក៍បានប្រកាសយ៉ាងជំហរចង់ធ្វើសង្រ្គាមជាមួយកម្ពុជា ដោយមិនព្រមតតាំងតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយកម្ពុជាឡើយ ពីព្រោះថៃធ្លាប់បាក់មុខម្ដងរួចទៅហើយរឿងប្រាសាទព្រះវិហារដែលចាញ់ក្ដីកម្ពុជានៅICJ ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ៕