ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាលែងពឹងបង្ហើមថៃទៀតហើយ ខណៈថៃរាលដាលរឿងព្រំដែន រហូតគំរាមសេដ្ឋកិច្ច
ថ្ងៃទី ៖ 13-06-2025, ដោយ​​ Admin , 37 Views
                     
ភ្នំពេញ : អត្ថបទ : ដោយ ស្រេង ដារ៉ា : សង្រ្គាមពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ពេលនេះចាប់ផ្ដើមឡើងកម្ដៅហើយ បន្ទាប់ពីមេដឹកនាំកំពូលៗរបស់កម្ពុជាបានប្រើកណ្ដាប់ដៃដែកវាយសំពងបកទៅភាគីថៃយ៉ាងចាស់ដៃ ខណៈភាគីថៃបានគំរាមកម្ពុជាម្ដងហើយម្ដងទៀត ។

មិនបង្អង់យូរ នាយករដ្ឋមន្រ្តីកម្ពុជា ដែលគេស្គាល់ថា ជាមេដឹកនាំវ័យក្មេង និងពូកែចិត្តសាស្រ្ត នៅពាក់កណ្ដាលយប់ថ្ងៃទី១២ មិថុនា ឈានចូលថ្ងៃទី១៣ បានប្រកាសក្ដែងៗជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាថា ចាប់ពីម៉ោង ១២ យប់ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជានឹងបញ្ចប់ការទិញអ៊ីនធឺណិតពីប្រទេសថៃ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ការសម្រេចបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជានេះ ខណៈថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។

សម្ដេចធិបតី បានបញ្ជាក់ថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបរាយការណ៍មកសម្ដេចថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។

ដោយឡែកលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាដោយខ្លួនឯង។ បន្ថែមលើក្រសួងពីរខាងលើ សម្ដេចធិបតីបានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជា។

ក្រៅពីនាយករដ្ឋមន្រ្តីកម្ពុជា ក្រឡេកមកចាប់អារម្មណ៍បុរសខ្លាំងរបស់កម្ពុជាវិញ ក៍បានវាយសំពងថៃយ៉ាងចាស់ដៃផងដែរតាមរយៈសារអំពាវនាវ ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអតីតនាយករដ្ឋមន្រ្តី និងគេស្គាល់ថា ជាបិតាសន្តិភាព ឬបុរសខ្លាំង បានជូនយោបល់ទៅរាជរដ្ឋាភិបាល ឱ្យបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជា ខណៈដែលបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អុីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៉ិនធើណែតអី បើកម្ពុជាមានអុីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។ សម្ដេចតេជោ តែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។ បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។

សម្ដេចតេជោ អះអាងថា កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា ។

ជាមួយគ្នានោះ ក្រសួងព័ត៌មានមាន បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយ ដោយហាមទូរទស្សន៍ទាំងអស់របស់កម្ពុជា បន្តចាក់ផ្សាយរឿងថៃ ។ បម្រាមនេះបានធ្វើបន្ទាន់ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រកាសទាំងកណ្ដាលយប់មិនឱ្យចាក់រឿងថៃតទៅទៀត ខណៈភាគីថៃបានគម្រាមកម្ពុជា ម្ដងជាពីរដង ។

បើតាមក្រសួងព័ត៌មាន កាលពីយប់ថ្ងៃទី១២ មិថុនា ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ។

សូមជម្រាបថា ក្រោយថៃឈ្លានពានចូលដីខ្មែរ និងលបធ្វើឃាតដោយការបាញ់សម្លាប់ទាហ៊ានខ្មែរម្នាក់ក្នុងដីខ្មែរដោយខុសច្បាប់ ជម្លោះព្រំដែនក៍បានផ្ទុះឡើងចាប់តាំងពីព្រឹកថ្ងៃទី២៨ ខែឧសភា មក ។ ហើយជម្លោះនេះក៍បានរាលដាល រហូតធ្វើឱ្យភាគីថៃឆួលចុងច្រមុះ និងបិទច្រកព្រំដែនដោយឯកតោភាគីដើម្បីគំរាមកម្ពុជា ខណៈកម្ពុជាគ្រោងប្ដឹងថៃទៅតុលាការអន្តរជាតិ ICJ ពាក់ព័ន្ធប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងចំណុចមុំបី ។ មិនបង្អង់យូរក្រោយពីថៃបានគម្រាមចាប់តាំងពីបិទព្រំដែន រាយបន្លាលួស រហូតគម្រាមផ្ដាច់ភ្លើង ផ្ដាច់អ៊ិនធឺណេត និងហាមនាំទំនិញថៃមកផ្គត់ផ្គង់ឱ្យកម្ពុជា ធ្វើឱ្យកម្ពុជាបានឆ្លយតបភ្លាមទាំងកណ្ដាលយប់ មានន័យថា កម្ពុជាអាចរស់ខ្លួនឯងបាន ដោយមិនខ្ចីពឹងបង្ហើមថៃដកឡើយ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com