ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សហភាពអឺរ៉ុប នឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា
ថ្ងៃទី ៖ 09-06-2025, ដោយ​​ Dara007 , 68 Views
                     
បារាំងៈ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចបវរធិបតី ព្រមទាំងបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។

ជាមួយគ្នានោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេសវឌ្ឍនភាពអំពីច្បាប់ស្តីពី ជលផល នាពេលថ្មីៗនេះ។

លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។

លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបក៏បានកោតសរសើរជំហររបស់ប្រទេសកម្ពុជានៅក្នុងសង្គ្រាមអ៊ុយក្រែន និងសង្កត់ធ្ងន់ថា បើសង្គ្រាមកើតឡើងហើយ យើងមិនដឹងថា វានឹងបញ្ចប់នៅពេលណាទេ។

ជាការឆ្លើយតប សម្តេចបវរធិបតីបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាកន្លងមក តាមរយៈការអនុវត្តគម្រោងរួមគ្នារវាងកម្ពុជា-សហភាពអឺរ៉ុប។

តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សម្តេចបវរធិបតីសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូ ជាមួយកម្ពុជា ក្រោយពេលចាកចេញពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ។ ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន ដែលក្នុងនោះមានការជំរុញការអនុម័តច្បាប់ស្ដីពីជលផលដែលបានឆ្លងរដ្ឋសភារួច ហើយព្រឹទ្ធសភានឹងបន្តពិនិត្យលើសេចក្តីព្រាងច្បាប់នេះក្នុងខែមិថុនានេះ។

ក្រៅពីវិស័យជលផល កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ដើម្បីជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បើទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបំភាយឧស្ម័នកាបូនិកក៏ដោយ។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាជំហរប្រកាន់ខ្ជាប់ពហុភាគីនិយម។ កម្ពុជាធ្លាប់រងគ្រោះសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ និងយល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម ជាពិសេសគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

មុននឹងបញ្ចប់ជំនួប លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានអញ្ជើញសម្តេចបវរធិបតីបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលសហភាពអឺរ៉ុប ទីក្រុងព្រុចសែល ដើម្បីបន្តពិភាក្សាស្វែងរកកាលានុវត្តភាពថ្មី សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា។ សម្តេចបវរធិបតីបានទទួលយកការអញ្ជើញនេះ ដោយគ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅពេលវេលាសមស្របណាមួយនាពេលខាងមុខ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com