ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមហ៊ុន KOUA SHOJI Co., Ltd. កំពុងជំរុញ និងបង្កើនសកម្មភាពលើការកែច្នៃសំណល់ប្លាស្ទិកនៅកម្ពុជា
ថ្ងៃទី ៖ 29-05-2025, ដោយ​​ Dara007 , 46 Views
                     
ជប៉ុនៈ ក្រុមហ៊ុន KOUA SHOJI Co., Ltd. កំពុងជំរុញ និងបង្កើនសកម្មភាពលើការកែច្នៃសំណល់ប្លាស្ទិកនៅកម្ពុជា ដូចជាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​​ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងកែច្នៃផលិតផលប្លាស្ទិកឱ្យទៅជាសម្ភារៈប្រើប្រាស់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។

នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក OKUMURA់កក Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. និងសហការីចូលជួបសម្ដែងការគួរសម នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលសម្ដែងការគួរសម និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។

ក្រុមហ៊ុនបានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មចាប់តាំងពីឆ្នាំ២០១៥ មក ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅក្នុងការកែច្នៃសំរាមនៅក្នុងខេត្តស្វាយរៀង។

បច្ចុប្បន្ននេះ, ក្រុមហ៊ុនក៏កំពុងមានប្រតិបត្តិការអាជីវកម្មកែច្នៃសំរាមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​​ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងកែច្នៃផលិតផលប្លាស្ទិកឱ្យទៅជាសម្ភារៈប្រើប្រាស់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។

លោកប្រធានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែមានកិច្ចសហការជាមួយនឹងដៃគូនៅក្នុងប្រទេសជប៉ុន ដើម្បីជំរុញ និងបង្កើនសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើការកែច្នៃសំណល់ប្លាស្ទិកបន្ថែមទៀត តាមរយៈគំនិតផ្តួចផ្តើមថ្មីៗដូចជាការកែច្នៃសំរាមចល័ត និងការកែច្នៃតាមទូកុងតឺន័រ ជាដើម។

កន្លងមក, ក្រុមហ៊ុនក៏បានសហការជាមួយបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាក្នុងការចែកធុងសំរាម ក៏ដូចជាសហការជាមួយក្រសួងបរិស្ថាន និងសាលារៀនលើការបណ្ដុះបណ្ដាលផ្នែកអនាម័យ និងធ្វើយុទ្ធនាការប្រមូលសំរាម។ ឆ្លៀតក្នុងឱកាសនេះ, លោកប្រធានក្រុមហ៊ុនបានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការសម្របសម្រួល​ និងការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងរយៈពេលជាង 10 ឆ្នាំកន្លងមកនេះ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅកម្ពុជា។ សម្ដេចបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះគ្រប់បណ្ដាក្រុមហ៊ុនវិនិយោគទាំងឡាយ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មផ្ទាល់នៅកម្ពុជា ដោយសម្តេចបវរធិបតីបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ, យន្តការនៃការលើកទឹកចិត្ត និងការគាំទ្រផ្សេងៗ​ សម្រាប់វិនិយោគិន។

សម្ដេចបវរធិបតីបានបន្ថែមទៀតថា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន ហើយកំណើនប្រជាជនមានការកើនឡើង, បរិមាណសំរាម និងសំណល់ផ្សេងៗ ក៏មានការកើនឡើងជាបន្តបន្ទាប់។ ដូច្នេះ, សកម្មភាពការកែច្នៃសំណល់របស់ក្រុមហ៊ុនពីប្លាស្ទិក ក៏ដូចជាសំរាមផ្សេងៗ​ ទៅជាផលិតផលប្រើប្រាស់ឡើងវិញនេះ គឺជាអាជីវកម្មដ៏មានសារៈសំខាន់ ហើយរាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តគាំទ្រដល់សកម្មភាពអាជីវកម្មប្រភេទនេះ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។

សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកដល់ការលុបបំបាត់ ឬ កាត់បន្ថយសំរាម និង​ សំណល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com