ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ធនាគារ AIIB ចង់ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅក្នុងកម្ពុជា
ថ្ងៃទី ៖ 29-05-2025, ដោយ​​ Dara007 , 34 Views
                     
ជប៉ុនៈ ធនាគារ AIIB ចង់ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅក្នុងកម្ពុជា រួមមាន៖ វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank-AIIB) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ AIIB បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានធនាគារ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយលោកមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនប្រកបដោយភាពធន់ និងរឹងមាំបន្ថែមទៀត។

លោកប្រធានធនាគារក៏បានអរគុណដល់កម្ពុជាដែលបានចូលរួមជាមួយធនាគារ​ AIIB ក្នុងនាមជាសមាជិកស្ថាបនិក​ កាលពីឆ្នាំ២០១៦ និង បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីបេសកកម្ម និងប្រតិបត្តិការរបស់ធនាគារ AIIB ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន រួមមាន៖ វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

លោកប្រធានធនាគារបានបញ្ជាក់ថា ធនាគារ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយកម្ពុជា លើវិស័យទាំងនេះ​ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបលោកប្រធាន និងគណៈប្រតិភូ ជាថ្មីម្តងទៀត និងបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល​ ជាមួយកម្ពុជា។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា​ គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា​ គឺការបន្តកសាងសមិទ្ធផលថ្មីៗជូនជាតិ និងប្រជាជន ក៏ដូចជាការធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិមួយ​ ប្រកបដោយភាពធន់​, បរិយាបន្ន​ និងចីរភាព។ សម្ដេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្វាគមន៍ និងស្វែងរកកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូទាំងអស់ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រេីន។

សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តធ្វើការកាន់តែជិតស្និទ្ធ និងពិភាក្សាលម្អិតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកឱកាសជាក់ស្ដែងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាង AIIB និងកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com