ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខា លើអនុក្រឹត្យថ្មីមួយ ដើម្បីផ្តល់អទិភាពដល់វិស័យអប់រំ និងសុខាភិបាល ក្នុងការជ្រើសរើសមន្ត្រីកិច្ចសន្យា ដែលជាក្របខណ្ឌកិច្ចសន្យាពិសេស ឬកិច្ចសន្យាបច្ចេកទេស ដែលអាចទទួលបានអត្ថប្រយោជន៍នានា ដូចទៅនឹងមន្ត្រីក្របខណ្ឌទូទៅផងដែរ ។
ការសម្រេចឱ្យមានការជ្រើសរើស និងផ្តល់ក្របខណ្ឌកិច្ចសន្យា ដែលមានអត្ថប្រយោជន៍ច្រើនបែបនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាការសាកល្បងលើវិស័យអទិភាព២ ដែលសំខាន់ គឺវិស័យអប់រំ និងសុខាភិបាល តែសម្រាប់បញ្ចូល ក្នុងលក្ខ័ខណ្ឌនៅមូលដ្ឋាន តំបន់ដាច់ស្រយាល និងជនបទតែប៉ុណ្ណោះ ។
ដោយឡែកសម្តេចធិបតី បានបញ្ជាក់ដែរថា ចំពោះការប្រើប្រាស់រូបមន្តសព្វថ្ងៃក្នុងការជ្រើសរើស គឺមានការពិបាកក្នុងការទាញ អ្នកដែលមានគុណវុឌ្ឍិចូល ដោយសារការផ្តល់ក្របខណ្ឌ អាចលើសអាយុ ចំណែកបើឱ្យកិច្ចសន្យាធម្មតា ប្រាក់ខែទាបពេក ក៏មិនមានអ្នកទៅដែរ ។ ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ត្រូវបានសាកល្បងហើយ នៅក្នុងខេត្តប៉ែលិន ដែលជាកម្មវិធីសាកល្បងមួយ សម្រាប់វិស័យអប់រំ និងសុខាភិបាល ។
បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បើសិនអនុវត្តទៅជោគជ័យ នឹងកែសម្រួល ដើម្បីបំពេញមុននឹងអនុវត្តលើវិស័យផ្សេងៗទៀត ខណៈកិច្ចការទាំងអស់នេះ គឺដើម្បីធានាបរិមាណ និងគុណភាព ដោយមិនអាចគិតពីគុណភាពតឹងរឹងពេក ហើយនាំឱ្យខ្វះបរិមាណ៕