យោងតាមលិខិតរបស់អាជ្ញាធរខេត្តកំពង់ស្ពឺដែលចុះហត្ថលេខាដោយលោក ជាម ចន្ទ័សោភ័ណ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥បានឱ្យដឹងថា រដ្ឋបាលខេត្តបានទទួលរួចហើយនូវពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់លោក ខុង ស៊ាងហ៊ី មានទីលំនៅក្នុងរាជធានីភ្នំពេញដែលបានប្តឹងចោទទៅលើលោកស្រី ហ៊ឹម សុខ មានតួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ ចំណុះឱ្យទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ពីបទឃុបឃិតគ្នានិងក្លែងបន្លំឯកសារជាសាធារណៈប្រព្រឹត្តនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងពាក្យស្នើសុំប្តូរប្រធានអង្គប្រជុំចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
តាមរយៈពាក្យបណ្ដឹង និងលិខិតស្នើសុំទាំងពីរខាងលើនេះ រដ្ឋបាលខេត្ត បានពិនិត្យដោយយកចិត្តទុកដាក់និងហ្មត់ចត់បំផុតបានស្រាវជ្រាវប្រមូលនូវព័ត៌មាននានានិងឯកសារពាក់ព័ន្ធទាំងអស់ ព្រមទាំងបានអញ្ជើញលោកស្រី ហ៊ឹម សុខ បំភ្លឺចំនួន៣លើក រួចមកហើយ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានអនុញ្ញាត និងអញ្ជើញលោក ខុង ស៊ាងហ៊ី មកចូលរួមកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ និងស្នើសុំឱ្យលោកផ្តល់នូវឯកសារដែលមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ សម្រាប់ចោទទៅលើលោកស្រី ហ៊ឹម សុខ ដើម្បីរដ្ឋបាលខេត្ត មានវិធានការ ព្រមទាំងអនុវត្តវិធានការវិន័យរដ្ឋបាល ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក៏ដូចជាវិធាននានាផ្សេងៗទៀត សម្រាប់ឱ្យស្ថាប័នច្បាប់បន្តចាត់ចែងអនុវត្តនីតិវិធី។ ក៏ប៉ុន្តែលោកនៅតែមិនមានភ័ស្តុតាង ឬឯកសារគតិយុត្តពាក់ព័ន្ធណាមួយ ឱ្យស្របតាមខ្លឹម សារនៃបណ្ដឹងចោទនោះឡើយ ហើយតាមរយៈនេះរដ្ឋបាលខេត្តបានរកឃើញ និងសម្រេចដូចខាងក្រោម៖ ១-រកឃើញថា ករណីវិវាទដីធ្លីនៅទីតាំងខាងលើត្រូវបានដោះស្រាយចប់សព្វគ្រប់តាមរយៈ ខ្លឹមសារ នៃលិខិតលេខ៨៤៤/២០ ៦ អ.ប.ខ អ.ប. ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ហើយភាគីវិវាទក៏ទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរៀងៗខ្លួនរួចហើយ។ ២-ផ្អែកលើទិដ្ឋភាពច្បាប់ក្នុងមាត្រា៤១ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ករណីនេះត្រូវបានអយ្យការអមសាលាដំបូងខេត្តនិងសាលាដំបូងខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹង ស្តីពីការលើកលែងការចោទប្រកាន់តាមរយៈខ្លឹមសារលិខិតលេខ១៧៧៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥, ដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ លេខ៣៦៣ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ និងដីកា សម្រេច លើកចោលពាក្យបណ្តឹងលេខ២៨ “ខ”ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ តាម ទម្រង់ច្បាប់ចប់សព្វគ្រប់រួចរាល់អស់ហើយ។ ៣-តាមស្មារតីនៃកំណត់ហេតុសាកសួរក្នុងកិច្ចប្រជុំចំនួន៣លើក និងពិនិត្យលើសំណុំឯកសារពាក់ព័ន្ធផ្សេងៗទៀត មិនមានឯកសារណាមួយជាតម្រុយ ឬបញ្ជាក់បានថាលោកស្រី ហ៊ឹម សុខ បានក្លែងបន្លំ ឯកសារក្នុងការដោះស្រាយវិវាទដីធ្លីនាពេលកន្លងមកនោះឡើយ។ ៤-ច្រានចោលពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់ឈ្មោះ ខុង ស៊ាងហ៊ី និងបណ្តឹងផ្សេងៗទៀតដែលពាក់ព័ន្ធនិងវិវាទដីធ្លីលើទីតាំងខាងលើ៕