ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រឹទ្ធសភាឥណ្ឌូណេស៊ី ៖ សម្ដេចតេជោ គឺរដ្ឋបុរសរបស់កម្ពុជា ស្វែងរកសន្តិភាពជូនកម្ពុជា
ថ្ងៃទី ៖ 08-05-2025, ដោយ​​ Dara007 , 52 Views
                     
ឥណ្ឌូណេស៊ីៈ ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី ចាត់ទុកសម្ដេចតេជោ គឺរដ្ឋបុរសរបស់ កម្ពុជា ដោយសារសម្ដេចតេជោ បានដឹកនាំកម្ពុជា តាំងពីអំឡុងពេលសង្គ្រាម ស្វែងរកសន្តិភាពជូនកម្ពុជា និងប្រឹងប្រែងកសាងប្រទេសឱ្យមានការរីកចម្រើនជាលំដាប់ ។

នេះបើយោងតាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បន្ទាបពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានព្រឹទ្ធសភា រដ្ឋធានីហ្សាការតា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានស្វាគមន៍សម្ដេចតេជោ ព្រមទាំងប្រតិភូកម្ពុជាយ៉ាងកក់ក្ដៅបំផុត ដោយ លោកបានចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពលរបស់កម្ពុជា។ លោក បានចាត់ទុកសម្ដេចតេជោ គឺរដ្ឋបុរសរបស់ កម្ពុជា ដោយសារសម្ដេចតេជោ បានដឹកនាំកម្ពុជា តាំងពីអំឡុងពេលសង្គ្រាម ស្វែងរកសន្តិភាពជូនកម្ពុជា និងប្រឹងប្រែងកសាងប្រទេសឱ្យមានការរីកចម្រើនជាលំដាប់ ។

នៅក្នុងជំនួបនេះដែរ សម្ដេចតេជោបានថ្លែងអរគុណចំពោះលោកប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ដែលបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ នៅក្នុងឱកាសនេះ ដែលបានអនុញ្ញាតក៏ដូចជាបានជួបជជែកគ្នា ផ្លាស់ប្ដូរយោបល់គ្នា លើទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្ដេចតេជោ បានរំលឹកថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដែលសម្ដេចតេជោ បានមកទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនេះ ជាច្រើនដង ដើម្បីចរចា ។ ដូច្នេះមិនអាចកាត់ផ្ដាច់នូវទំនាក់ទំនង ក៏ដូចជាការជួយជ្រោមជ្រែងរបស់ឥណ្ឌូនេស៊ី បានទេ ហើយឥណ្ឌូនេស៊ី ក៏បានរួមចំណែកនៅក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ ។ សម្ដេចតេជោ ក៏បានរំលេចនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមកដល់ពេលនេះ មានរយៈពេលជាង ៦៥ឆ្នាំមកហើយ ។

សម្ដេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ដែលបន្តមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងមានភាពប្រសើរជាលំដាប់ ។ ក្នុងជំនួបនេះ សម្ដេចតេជោក៏បានជំរុញដល់ប្រទេសទាំងពីរឱ្យបង្កើនទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យបានច្រើនថែមទៀត។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីការចូលរួមដ៏សកម្មក្នុងព្រឹទ្ធសភារវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរ បានលើកឡើងនូវគំនិតរួមមួយដូចគ្នា ដែលជាគំនិតថ្មី គឺការបង្កើតឲ្យមានវេទិកាប្រជុំកំពូលព្រឹទ្ធសភា នៅក្នុងតំបន់អាស៊ាន ។ សម្ដេចថា វាជាការចាំបាច់ណាស់ដែលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ានដើរតួនាទីសំខាន់បន្ថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនងមិត្តភាព ក៏ដូចជាការដោះស្រាយបញ្ហានៅក្នុងតំបន់អាស៊ាន ។

សម្ដេចតេជោបានលើកឡើងថា នៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះស្រាប់ គឺជាលេខាធិការដ្ឋានអាស៊ាន ដូច្នេះយើងអាចបង្កើតនូវគំនិតមួយនេះ ដើម្បីឲ្យមានការគាំទ្រ ហើយរៀបចំនូវវេទិកានេះឡើង ។

ទស្សនទានរបស់ សម្ដេចតេជោ ត្រូវបាន ឯកឧត្ដម ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី គាំទ្រ ១០០% ចំពោះការបង្កើតឲ្យមានវេទិកាកិច្ចប្រជុំកំពូលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ាន នេះ ដោយ លោក បានរំលេចថា វេទិកាកិច្ចប្រជុំកំពូលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ាននេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងនៅក្នុងតំបន់អាស៊ានក៏ដូចជាការបង្ហាញនូវតួនាទីរបស់ព្រឹទ្ធសភាបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់អាស៊ាន ឱ្យបានកាន់តែល្អប្រសើរគ្រប់ផ្នែក ។

ក្នុងជំនួបនេះដែរ សម្ដេចតេជោ និង លោកប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី ក៏បានពិភាក្សាពីបញ្ហាសង្គ្រាមពាណិជ្ជកម្មភ្ជាប់ភូមិសាស្ត្រនយោបាយ ដែលកំពុងកើតមានសព្វថ្ងៃនេះ ។ បញ្ហានេះ សម្ដេចតេជោ បានលើកជាគំនិតឱ្យប្រទេសក្នុងតំបន់អាស៊ានពង្រីកការធ្វើពាណិជ្ជកម្មជាមួយគ្នា និងស្វែងរកទីផ្សារថ្មីជាមួយគ្នាបន្ថែមទៀត ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានអញ្ជើញ ឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយ លោក ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានទទួលយកការអញ្ជើញនេះដោយក្ដីរីករាយ ហើយសន្យាថា នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com