លោក នុត សត្យា បានលើកឡើងថាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានតួនាទីជាយន្តការបង្ការថ្នាក់ជាតិមួយ មានឯករាជ្យភាពនៅពេលបំពេញមុខងាររបស់ខ្លួន។ហើយជំហានថ្មីមួយទៀត ត្រូវបានដើរតួជាប្រព័ន្ធត្រួតពិនិត្យទៀងទាត់នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព រួមមាន៖ ពន្ធនាគារ យោធា រាជធានី ខេត្ត ទាំងផ្នែកព្យាបាលជនវិកលចរិក មណ្ឌលអប់រំកែប្រែស្តារនីតិសម្បទា សម្រាប់អនីតិជន កន្លែងឃុំខ្លួនបណ្តោះ អាសន្នរបស់នគរបាលយុត្តិធម៌ មណ្ឌលសម្រាប់ជនទេសន្តប្រវេសន្ត មណ្ឌលអប់រំព្យាបាលសុខភាពផ្លូវចិត្ត មណ្ឌលសំចតសង្គមកិច្ច និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀននិងមណ្ឌលអប់រំផ្សេងៗទៀត ។
លោកថា ទាំងអស់នេះធ្វើឡើងក្នុងគោលដៅពង្រឹងការការពារជនទាំងនោះពីទារុណកម្ម ទណ្ឌកម្ម ដែលមានចរិកឃោរឃៅ អមនុស្សធម៌ឬបន្ទាបបន្ថោក។តាមរយៈនៃការអប់រំផ្សព្វផ្សាយនេះសមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬ ជនដែលនឹងត្រូវបានដកហូតសេរីភាពត្រូវបង្កើនការយល់ដឹង ដើម្បីធានាបង្ការទប់ស្កាត់ទៅ នឹងអំពើឃោរឃៅ អមនុស្សធម៌ស្របតាមច្បាប់ជាតិនិងអន្តរជាតិជាធរមាន និងធានាថា មន្ត្រីសាធារណៈជាអ្នកគ្រប់គ្រងមនុស្សដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនត្រូវអនុវត្តប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិ។
ទន្ទឹមនោះលោក នុត សត្យា បានបញ្ជាក់ថា បច្ចុប្បន្នគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មទើបតែបង្កើតឡើង ដូច្នេះប្រឈមទៅនឹងបញ្ហាជាច្រើន តែទោះជាយ៉ាងនេះត្រូវតែខិតខំពង្រឹងតួនាទី ភារកិច្ចនិងធ្វើជាសេនាធិការឱ្យរាជ រដ្ឋាភិបាលក្នុងការការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្មមកលើខ្លួន។ជាងនេះជនដែលត្រូវដកហូតសិទ្ធសេរីភាពគឺមិនទាន់ជាទណ្ឌិតនៅឡើយ ឬ ជនដែលមិនទាន់បើកសវនាការ ឬ កាត់ទោស ឬ មិនទាន់ប្រកាសសាលក្រម ដល់ជននោះនៅឡើយ និយាយរួម ជនដែលត្រូវដកសិទ្ធនោះគឺ គិតទាំងជនសង្ស័យដែលឃុំខ្លួនមិនទាន់កាត់ក្តីនិងជនជាទណ្ឌិតដែលតុលាការបានចេញសាលក្រមជាផ្លូវការឱ្យឃុំខ្លួនផងដែរ។
មួយវិញទៀតគណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម មិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ទេ គ្មានសិទ្ធដាក់ទោសទណ្ឌជនណាម្នាក់ឡើយ តែអង្គភាពនេះ មានសិទ្ធិចុះត្រួតពិនិត្យពន្ធធនាគារ ឬ គ្រប់ទីកន្លែងឃុំខ្លួន តែបើឃើញជាក់ស្តែងថា មន្រ្តីគ្រប់គ្រងទណ្ឌិតកន្លែងណាមួយ គឺក្រុមការងារលោកបានឃើញបទល្មើសធ្វើទារុណកម្មជាក់ស្តែងទៅលើជនត្រូវបានដកហូតសេរីភាពនោះ មន្រ្តីជំនាញ គ.ជ.ប.ទ មានសិទ្ធធ្វើរបាយការណ៍បញ្ជូនទៅអង្គភាព ឬថ្នាក់លើជ្រាបរបាយការណ៍។
ជាមួយនិងការផ្សព្វផ្សាយនោះលោក នុត សត្យា បានដាក់ការរំពឹងថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់និងទទួលបានការយល់ដឹងច្បាស់ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិសម្រាប់ជាមូលដ្ឋានក្នុងការបំពេញតួនាទីភារកិច្ចឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់នៅពេលអនុវត្តការងាររបស់ខ្លួននាពេលខាងមុខ៕