ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម ដែលមាននៅភាគខាងត្បូងប្រទេស នៅបរិវេណមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត បានឱ្យដឹងថា ការមកសិក្សានៅក្រៅប្រទេស មិនថានៅប្រទេសវៀតណាម ឬប្រទេសណាទេ ជាផ្នែកមួយនៃការពង្រឹងធនធានមនុស្សរបស់រាជរដ្ឋាភិបាល និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងការធានាគុណភាពធនធានមនុស្សក្នុងជួរកងកម្លាំងឱ្យកាន់តែមានសមត្ថភាព ចំណេះជំនាញ និងបទពិសោធ ដូចដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះក៏មានមុំពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស។
លោកក៏បានលើកឡើងអំពីសារៈសំខាន់នៃការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពចំណេះជំនាញ ដោយសារតែបច្ចុប្បន្នពិភពលោកមានការប្រឈមមុខស្មុគស្មាញ។ លោកបានរំលឹកជាថ្មីទៀត ឱ្យកងកម្លាំងជាសិក្ខាកាមទាំងអស់ក្នុងឱកាសនៃការសិក្សារៀនសូត្រនៅប្រទេសវៀតណាម ក៏ដូចជាការចេញទៅបំពេញការងារតាមអង្គភាព សូមបន្តការគោរពនូវវិន័យ សេចក្ដីថ្លៃថ្នូរ មានវិជ្ជាជីវៈ និងត្រូវធ្វើខ្លួនជានគរបាលដែលផ្តល់ភាពកក់ក្តៅ ជាទីពឹងពំនាក់សម្រាប់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ តំណាងសិក្ខាកាមក៏បានឡើងប្ដេជ្ញាចិត្ត និងថ្លែងអំណរគុណ ដោយចាត់ទុកវត្តមាន លោកអភិបណ្ឌិត និងគណៈប្រតិភូ នាឱកាសនោះថា ជាការផ្ដល់នូវភាពកក់ក្តៅដល់ពួកគេដែលកំពុងសិក្សារៀនសូត្រនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិសេសប្ដេជ្ញាចិត្ត ការពារឱ្យបានជាដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ គាំទ្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ខិតខំសិក្សារៀនសូត្រ និងយកចំណេះជំនាញទៅបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាពិសេសធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រោមម្លប់និងមនុញ្ញផលនៃសុខសន្តិភាព។
សូមបញ្ជាក់ថា នៅចុងបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់សិក្ខាកាមទាំង២៥៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៣០០ដុល្លារ និងបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយសិក្ខាកាមប្រកបដោយក្ដីសោមនស្សរីករាយ៕