នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌ពីប្រជាពលរដ្ឋថា មានករណីឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ ង៉ែត សុខា ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តដោយជនសង្ស័យ១ក្រុមមានគ្នាចំនួន០៤នាក់ ជិ:ម៉ូតូចំនួន០២គ្រឿង នៅចំណុចមុខភោជនីយ៍ដ្ឋាន បូ សោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប់យប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងហេតុហើយយកជនសង្ស័យចំនួន០២នាក់មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងបន្ទាប់ពីប្រជាពលរដ្ឋចាប់បាន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ១-ឈ្មោះ ឌឿម ដម ហៅម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ វី មករា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង០២ បច្ចុប្បន្ន ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យឈ្មោះ ឌឿន ដម និងឈ្មោះ វី មករា ក្រោយពីកម្លាំងជំនាញសួរនាំរួចបានរៀបរាប់ថា នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ពួកខ្លួន និងបក្សពួកចំចំនួន០២នាក់ទៀត ១-ឈ្មោះ រាជ (ហេង ប៊ុនរាជ) ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ បញ្ញា (អាន បញ្ញា) ភេទប្រុស អាយុ១៦ឆ្នាំ បាននាំគ្នាទៅផឹកស៊ីនៅហាងស្រា១កន្លែង ម្ដុំស្តារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយបាននាំគ្នារៀបចំគម្រោងចេញឆក់កាបូបជនជាតិឥណ្ឌូនេស៊ី ដោយឈ្មោះ រាជ បានប្រគល់ម៉ូតូរបស់គេម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកឱ្យខ្លួនជាមួយឈ្មោះ មករា ជាអ្នកឌុប និងចាំធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះ ចំណែកឈ្មោះ រាជ និងឈ្មោះ អាន បញ្ញា បើកម៉ូតូ១គ្រឿងទៀតធ្វើសកម្មភាពឆក់ រហូតដល់វេលាម៉ោង២២និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ក្រុមខ្លួនបានកំណត់មុខសញ្ញាជនជាតិឥណ្ឌូនេស៊ីជិ:ម៉ូតូ០២នាក់ (ប្រុស-ស្រី) ហើយក្រុមរបស់ខ្លួនបានជិ:ម៉ូតូតាមពីក្រោយ ពេលដល់ចំណុចមុខហាងបូសោភ័ណ ឈ្មោះ រាជ និងឈ្មោះ អាន បញ្ញា បានធ្វើសកម្មភាពឆក់យកកាបូបស្បាយចំហៀងរបស់ជនរងគ្រោះបានសម្រេច ភ្លាមនោះ ពួកខ្លួនទាំង០២នាក់បានជិ:ម៉ូតូទៅធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀតដើម្បីយកទាំងម៉ូតូ តែពេលធាក់ម៉ូតូរបស់ជនរងគ្រោះមិនដួល ក៏ដួលខ្លួនឯង ហើយត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋនៅទីនោះចាប់ពួកខ្លួនបាន ព្រមទាំងម៉ូតូដែលពួកខ្លួនជិ:ធ្វើសកម្មភាព០១គ្រឿង ហើយរាយការណ៍ឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងមកយកតែម្ដង ចំណែកបក្សពួកខ្លួន០២នាក់ទៀតបានបើកម៉ូតូរត់គេចខ្លួនបាត់។
ក្រោយពីបានចម្លេីយសារភាពពីជនសង្ស័យទាំង០២នាក់ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
ចំណែកជនសង្ស័យ០២នាក់ទៀតកម្លាំងកំពុងស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕