លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូន តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។ ហើយជាមួយនេះដែរការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះអនុញ្ញាតិឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅនិងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការចុះឈ្មោះទៅក្នុងប្រព័ន្ធក៏ជាការបើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួង ស្ថាប័នកំពុងរៀបចំជាបន្តបន្ទាប់ដូចជាការអភិវឌ្ឍជំនាញការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការការអនុគ្រោះ លើកលែងកាតព្វកិច្ចពន្ធដារនិងសេវាគាំពារសង្គមជាដើម។ពិសេសគឺគុណតម្លៃនិងផលប្រយោជន៍៨ចំណុចធំៗនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលផ្អែកទៅលើគោលការណ៍ស្ម័គ្រចិត្តដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយប្រជាពលរដ្ឋឱ្យចំគោលដៅ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងនោះដែរលោក ជាម ចន្ទ័សោភ័ណ ក៏បានលើកឡើងផងដែរថាការរៀបចំឱ្យមានការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនជាការដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ ការណ៍នេះធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។ហើយនេះជាយន្តការដែលរាជរដ្ឋាភិបាលបានរៀបចំឡើងដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។
ទន្ទឹមនេះលោកក៏បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលនេះឱ្យបានកាន់តែច្រើន ដើម្បីអនាគត មុខរបរ ការងារ និងប្រាក់ចំណូលគ្រួសាររបស់ខ្លួន៕