ក្នុងឱកាសទទួលជួបជាមួយលោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ និងមាតិកាគាំទ្រ ដល់កិច្ចការងាររបស់ក្រសួង នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍នូវកិច្ចសហការជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។
ជាគោលដៅ លោករដ្ឋមន្ត្រី ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្ម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ជ្រាបកាន់តែច្បាស់ ពីការខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលបានគិតគូរ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
បើតាម លោករដ្ឋមន្ត្រី ការងារនេះត្រូវការសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់លាស់ មានភាពពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ ដល់សាធារណជន ក្នុងការយល់ដឹង និងមានមូលដ្ឋានត្រឹមត្រូវ ជៀសជាងការផ្តល់នូវព័ត៌មានក្លែងក្លាយ មិនមានមូលដ្ឋានច្បាស់លាស់ ឬការចាប់មុំព័ត៌មានណាមួយដែលបង្កជាលក្ខណៈកេងចំនេញផលប្រយោជន៍អាជីវកម្ម តែប្រាសចាកពីការពិត៕