ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រធានរដ្ឋសភាអបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា
ថ្ងៃទី ៖ 24-04-2025, ដោយ​​ Dara007 , 82 Views
                     
ភ្នំពេញៈ ប្រធានរដ្ឋសភាអបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងពីរ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាណៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្រ្តីប្រទេសថៃ នៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតចំពោះប្រជាជនប្រទេសទាំងពីរ ក៏ដូចជារាជរដ្ឋាភិបាលនិងសភាប្រទេសទាំងពីរ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការបន្ថែមសន្ទុះជំរុញថ្មីមួយដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិមានការផ្លាស់ប្ដូរ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជានិងថៃនៅតែឈរយ៉ាងរឹងមាំ ធន់ និង វិវត្តរីកចម្រើនទៅមុខជានិច្ច។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខណៈដែលលោកស្រីបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេលពីរថ្ងៃគឺថ្ងៃទី២៣និង២៤ខែមេសាឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពិតជាមានក្តីរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលត្រូវបានបន្ត ថែរក្សា ពូនជ្រំ និងរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល ៧៥ ឆ្នាំមកនេះ ហើយសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដោយផ្អែកលើការគោរពគ្នា និងការជឿទុកចិត្តគ្នា។ សមិទ្ធិផល និងវឌ្ឍនភាពនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកថែមទៀតផង។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាអំពីលទ្ធផលដ៏ជោគជ័យនៃជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា កាលពីព្រឹកមិញ ដោយនៅក្នុងនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទំាងពីរបានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧និងបានសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរនិងក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកជំទាវនិងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រជាជននិងប្រទេសទំាងសងខាង។ សម្តេចបានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីនាយករដ្ឋមន្រ្តី សុទ្ធសឹងជាអ្នកនយោបាយនិងថ្នាក់ដឹកនាំវ័យក្មេង ដែលមានទស្សនវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍប្រទេសជាតិ កសាងសុខសន្តិភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។

សម្តេចបានលើកឡើងផងដែរពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាប្រទេសទំាងពីរ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែកក្កដាឆ្នាំ២០២៤កន្លងទៅ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយសម្តេចផ្ទាល់នៅព្រះរាជាណាចក្រថៃ។ តាមរយៈអនុស្សរណៈនោះ រដ្ឋសភាប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ដែលនៅក្នុងពេលឆាប់ៗនេះ ក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ផងដែរ។

សម្តេចបន្តថា កម្ពុជានិងថៃមានសក្តានុពលជាច្រើនទៀត ដែលអាចពង្រឹងពង្រីកបាន ក្នុងការនាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋទំាងសងខាង មានដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ វប្បធម៌ ជាដើមនោះ។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្រ នៃប្រទេសទំាងពីរ មានមូលដ្ឋានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ហើយភាពជាដៃគូយុទ្ធសាស្ត្រនេះ ត្រូវបានជំរុញដោយកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត ទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងសង្គមស៊ីវិលផងដែរ។

តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តដ៏រឹងមាំនេះ ប្រទេសទាំងពីរនឹងរួមចំណែកពង្រឹងសាមគ្គីភាពក្នុងអាស៊ានឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីរក្សាបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជារួមគ្នាប្រកាន់ខ្ជាប់មជ្ឈភាពអាស៊ាន លើបញ្ហាតំបន់ និងពិភពលោកដែលមានផលប៉ះពាល់ដល់តំបន់ ដោយផ្អែកលើផលប្រយោជន៍ និងគោលការណ៍រួម។ យើងត្រូវបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង តាមរយៈការសន្ទនាដោយបើកចំហ និងកិច្ចសហប្រតិបត្តិការជិតសិទ្ធ ដោយផ្អែកលើការជឿទុកចិត្តគ្នា ដោយផ្តោតលើលទ្ធផល និងយកប្រជាជនជាស្នូល” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភាកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com