ប្រជាជនកម្ពុជា ទាំងអ្នកសេព និងអ្នកមិនសេពគ្រឿងស្រវឹង ទទួលស្គាល់នូវឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មកលើការសម្រេចចិត្តរបស់ពួកគាត់។ ក្នុងនោះ លើសពី90% យល់ថា ការផ្សាយពាណិជ្ជកម្មជំរុញឱ្យមានការសេពគ្រឿងស្រវឹង បង្កើនចំនួនអ្នកសេពគ្រឿងស្រវឹង ឱ្យចង់សាកសេពគ្រឿងស្រវឹង និងធ្វើឱ្យមានអ្នកចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យកាន់តែក្មេង។ កន្លងមក បើទោះបីរាជរដ្ឋាភិបាលបានបានដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក៏ដោយ យើងសង្កេតឃើញថា វិធានការមួយចំនួនដូចជាមិនទាន់ចាក់ចំគន្លឹះ ដែលអាចការពារ ឬកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។
ជាក់ស្តែង ភាគរយនៃអ្នកសេពគ្រឿងស្រវឹងជោគជាំ បានកើនពី១២%នៅឆ្នាំ២០១៦ ដល់៥២%នៅឆ្នាំ២០២៣ក្នុងចំណោមបុរស និងកើនឡើង៣ដងក្នុងចំណោមស្រ្តី នេះបើយោងតាមរបាយការណ៍ការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង 2023។
ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់បែបនេះ តាមរយៈការផ្ដល់រង្វាន់ច្រើនលើសលប់ទៅដល់អតិថិជនដូចជា រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងរង្វាន់ជាច្រើនទៀត។
លើសពីនេះ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបានផ្សារភ្ជាប់ជាមួយតារាល្បីៗដែលមានអ្នកគ្រាំទ្ររាប់ពាន់នាក់ មកផ្សាយគ្រឿងស្រវឹង ដែលយុទ្ធសាស្រ្តទាំងនេះ សុទ្ធតែជំរុញអ្នកគាំទ្ររបស់ពួកគេ ដែលភាគច្រើនជាកុមារ និងក្មេងវ័យជំទង ឱ្យនាំគ្នាធ្វើត្រាប់តាមភ្លក់ទឹកភ្លក់ដី និងចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងនៅវ័យក្មេង ។
ការអង្កេតក៏បានរកឃើញថា ប្រជាជនទូទៅ សុទ្ធតែធ្លាប់ទទួលរងនូវបញ្ហាសុខភាព ខាតបង់ថវិកា គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ការងារ ឬធ្វើការងារមិនពេញលេញ បោះបង់ការសិក្សាឬការសិក្សាចុះខ្សោយ មានទំនាស់ក្នុងគ្រួសារ ការរំខានស្រែកឡូឡាពីអ្នកសេពគ្រឿងស្រវឹង មានអារម្មណ៍ភ័យខ្លាចឬគ្មានសុវត្ថិភាព អំពើហិង្សាលើរាងកាយនិងការសម្លុតគម្រាម ជាដើម។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ លទ្ធផលការអង្កេតស្តីពីទស្សនៈប្រជាជន លើការផ្សាយពាណិជ្ជកម្មគឿងសវឹង" ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោក ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិក ក.គ.ផ.ស. នៃក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក.គ.ផ.ស.បានសម្ដែងសេចក្តីសោមនស្សរីករាយអំពីលទ្ធផល ការអង្កេតស្តីពីទស្សនៈប្រជាជនលើការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង” ដើម្បីបង្ហាញទស្សនៈរបស់ប្រជាជន ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង សម្រាប់ចូលរួមចំណែក ក្នុងការរៀបចំគោលនយោបាយផ្សព្វផ្សាយគ្រឿងស្រវឹង ឱ្យមានប្រសិទ្ធភាព និងចូលរួមថែរក្សា ពង្រឹងវិស័យ សុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនកម្ពុជា និងការរៀបចំសណ្តាប់ធ្នាប់ការ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។
ក្នុងន័យនេះ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការ ផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក.គ.ជ.ស. ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធាន ក.គ.ផ.ស. មានក្រសួង ស្ថាប័នចំនួន១២ចូលរួម ដោយលទ្ធផលនៃការអនុវត្តច្បាប់ វិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ ក.គ.ផ.ស. ក្នុងការ គ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ទទួលបានលទ្ធផលជាវិជ្ជមាន៖ ១- ក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និង KOL, MMO បានដាក់ពាក្យស្នើសុំចុះ បញ្ជីដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មស្របច្បាប់ ២- ក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងបុគ្គលពាក់ព័ន្ធ បានដាក់ពាក្យស្នើសុំផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងតាមរយៈយន្តការច្រកចេញ ចូលតែមួយ ធានាខ្លឹមសារការផ្សាយពាណិជ្ជកម្ម ៣- ប៉ាណូ អាហ្វីស និងស្ពតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ បានដាក់សារព្រមានដែលមានទំហំ១/៤ នៃទំហំផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដូចជា “ពិសា គ្រឿងស្រវឹង សូមកុំបើកបរ ឬ ពិសាដោយការទទួលខុសត្រូវ” ជាដើម ៤- ប៉ាណូមួយចំនួនបានប្ដូរពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឬឡូហ្គូគ្រឿងស្រវឹង ដែលមាន ទំហំធំមកផ្សាយសារអប់រំធំៗ និងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទំហំតូចនៅក្រោមសារអប់រំ និង៥- ប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមដងផ្លូវ និងទីសាធារណៈមួយចំនួនបានប្តូរមក ផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ការអប់រំ ជាដើម។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាននៃ ក.គ.ផ.ស. ក្រុមហ៊ុនធុរកិច្ចផលិតផលគ្រឿងស្រវឹង និងដៃគូពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់រាជរដ្ឋាភិបាល គោលការណ៍ ១៧ ចំណុចរបស់ ក.គ.ផ.ស. គោលការណ៍ “ឆន្ទៈល្អ” និងវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាដល់ការលូតលាស់សេដ្ឋកិច្ចជាតិ និរន្តរភាពការងារជូនប្រជាពលរដ្ឋ សុខុមាលភាពសាធារណៈ និងជួយប្រព័ន្ធផ្សព្វផ្សាយឱ្យដំណើរការទៅមុខ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកសាងប្រទេសកម្ពុជា ឱ្យ មានការអភិវឌ្ឍប្រកបដោយចីរភាព៕