សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារីស៊ុន ស្រីតីអាយុ៤ឆ្នាំ។ សម្ដេចតេជោ បានបញ្ជាក់ថា នឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រឹកថ្ងៃអាទិត្យទី២៧មេសាឆ្នាំ២០២៥នៅផ្ទះរបស់សម្ដេច។ ពេលនោះសម្ដេចតេជោនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន(comment)លើកពីសិទ្ធិកុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធិរស់រានមានជីវិតដែលវាផ្តើមចេញពីក្រពះនិងសូមកុំប្រញាប់វិនិច្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កំសត់នេះថែមទៀត។ សម្ដេចតេជោនៅចាំបានថាកាលខ្ញុំនៅមានអាយុ៥ឬ៦ឆ្នាំខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះវាលំបាកជាងចៅលក់ផ្កាទៅទៀត។ រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធិកុមារដោយបំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេ ព្រោះគ្មានជម្រើសព្រោះពុកនិងបងៗមិននៅផ្ទះម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីៗនៅតូចៗមិនចេះហែលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំងម្តាយនិងកូន៤នាក់។ សិទ្ធិរស់រានមានជីវិតត្រូវតែមានមុនគេ បើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី៕