ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំបន្ថែមទៀត
ថ្ងៃទី ៖ 23-04-2025, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេៈ កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីផ្ដល់ប្រយោជន៍រវាងប្រជាជន និងប្រទេសទាំងពីរ។

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ វត្តមានរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។

លោកស្រីនាយករដ្ឋមន្ត្រីថៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ និងគណៈប្រតិភូ។ លោកស្រីក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ។ ស្របពេលឆ្នាំ២០២៥នេះ ជាខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះគម្រោងសម្ពោធជាផ្លូវការនូវ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាប ក៏ដូចជា គម្រោងសម្ពោធជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់ បាណង់ អ៊ាន) នាពេលខាងមុខដ៏ខ្លី។

ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ ចំពោះពលករកម្ពុជានៅប្រទេសថៃ និងបានលើកលែងថ្លៃទិដ្ឋាការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (Re-Entry Permit Fee) សម្រាប់ពលករកម្ពុជា ដែលមកលេងក្រុមគ្រួសារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ តាមការស្នើសុំរបស់សម្ដេចបវរអធិបតី នាពេលកន្លងមក និងបានអរគុណដល់វិនិយោគិននិងធុរជនថៃ ចំពោះទំនុកចិត្ត និងការសម្រេចចិត្តបណ្តាក់ទុន និងធ្វើធុរកិច្ចនៅកម្ពជា ។

លោកស្រីនាយករដ្ឋមន្រ្តីថៃ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងតែងតែគាំទ្រដល់វិនិយោគិនថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះដែរ, ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង វិនិយោគ, ថាមពល, សន្តិសុខ និងការពារជាតិ, វប្បធម៌, ទេសចរណ៍, អប់រំ, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម ( Complementary SEZ) នៅតាមបណ្តោយព្រំដែន។

ប្រមុខរាជរដ្ឋាភិបាលទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអាស៊ាន និងតំបន់ ផងដែរ រួមមាន ការជំរុញសមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត នៅក្នុងឆ្នាំ២០២៥ នេះ និង តួនាទីរបស់អាស៊ាន ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com