យោងតាមដីការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដែលចេញដោយលោក ចក់ សម្បត្តិ តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរបរិស្ថានដឹកនាំដោយលោក នៅ ណាក់ អនុប្រធាន មន្ទីរបរិស្ថាន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងអ្នកស្នើសុំបានចុះពិនិត្យទីតាំងដីចំនួន២កន្លែង មានទំហំ៥៧ហិកតា៧៩អារ ស្ថិតនៅភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជនសង្ស័យ ឈ្មោះ ភុំ ផាន់ណាវី បានស្នើសុំឱ្យចេញលិខិតបញ្ជាក់សម្រាប់យកទៅធ្វើបណ្ណកម្មសិទ្ធិ។
បន្ទាប់ពីពិនិត្យ ផ្ទៀងផ្ទាត់ឃើញថា ដីចំនួន២ក្បាលដី មានទំហំ៥៧ហិកតា៧៩អារ មានសង់ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៨ម៉ែត្រx១០ម៉ែត្រ ចំនួន១ខ្នង រួមទាំងដំណាំចេក ដូង ខ្នុរ ស្វាយ ជាដីតំបន់ការពារធម្មជាតិ នៅត្រង់ និយាមកាលេខ ៣៩០៤៣៥-១២៩០០៥០ និង៣៨៨៨១៩-១២៨៨៩៤៦។ អំពើរបស់ឈ្មោះ ភុំ ផាន់ណាវី គឺជាបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដែលមានចែងផ្តន្ទាទោសតាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពិតំបន់ការពារធម្មជាតិ។
នៅក្នុងដីការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរនោះដែរ តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺក៏បានបើកការស៊ើបសួរលើអង្គហេតុខាងលើ និងស្នើសុំដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ ភុំ ផាន់ណាវី ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដែលមានចែង ផ្តន្ទាទោសតាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ហើយបន្ទាប់សំណុំរឿងនេះត្រូវបានចៅក្រមសម្រេចឱ្យចេញដីកាបង្គាប់ឱ្យចូលខ្លួននិងឃុំខ្លួនលើលោកស្រី ភុំ ផាន់ណាវី ជាបណ្តោះអាសន្ន។
ពាក់ព័ន្ធនិងករណីនេះលោកស្រី ភុំ ផាន់ណាវី បានលើកឡើងថា ការដំណើរការរឿងក្តីរបស់លោកស្រីដែលរងបណ្តឹងពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺគឺជារឿងអយុត្តិធម៌សម្រាប់លោកស្រី។ដីទាំង២ប្លង់ដែលមន្ទីរបរិស្ថានប្តឹងគឺជាដីដែលបានទិញពីប្រជាពលរដ្ឋកាន់កាប់អាស្រ័យផល និងមានលំនៅដ្ឋានស្រាប់តាំងពីឆ្នាំ២០១៤។ហើយក្រោយទិញក៏មានការបញ្ជាក់ទទួលស្គាល់និងដឹងឮពីអាជ្ញាធរភូមិ ឃុំផងដែរ។ លោកស្រី បានបញ្ជាក់បន្ថែមថា ការចោទប្រកាន់ថាបានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាការចោទដោយមូលបង្កាច់ ក្នុងចេតនាធ្វើឱ្យលោកស្រីត្រូវទទួលទោសទណ្ឌទាំងអយុត្តិធម៌។លោកស្រីថា មន្ទីរបរិស្ថាន ក៏ដូចជាអយ្យការសាលាដំបូងខេត្តគួរតែបើកការស៊ើបអង្កេតឱ្យបានល្អិតល្អន់និងទទួលយកការបញ្ជាក់ពីអាជ្ញាធរភូមិឃុំពីសាវតាដីដែលលោកស្រីបានទិញពីប្រជាពលរដ្ឋ។
ទន្ទឹមនិងការចោទប្រកាន់នេះដែរ លោកស្រី ភុំ ផាន់ណាវី បានសំដែងការខកចិត្តយ៉ាងខ្លាំងក្រោយទទួលបានការចាត់ការតាមផ្លូវតុលាការពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិទាំងដែលលោកស្រីចំណាយលុយជិត៤ម៉ឺនដុល្លាសហរដ្ឋដើម្បីទិញដីនេះពីពលរដ្ឋនិងមានការដឹងឮពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។
លោកស្រីស្នើឱ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌និងផ្តល់ភាពស្អាតស្អំដល់លោកស្រីដែលជាស្ត្រីស្លូតត្រង់និងកំពុងជួយដល់សកម្មភាពការងារសង្គមនិងបក្សដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ពិសេសជាងនេះសុំឱ្យថ្នាក់លើពិចារណាឡើងវិញចំពោះមន្ត្រីបរិស្ថានដែលបានចោទប្រកាន់មកលើលោកស្រីទាំងបំពានដោយមិនបានពិនិត្យលើឯកសារកាន់កាប់សុច្ចរិតដែលមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។
ជុំវិញករណីនេះដែរ លោកស្រី ភុំ ផាន់ណាវី បានបញ្ជាក់ផងដែរថា ក្នុងករណីដែលតុលាការរកឃើញថា ដីប្រមាណជាង៥៧ហិកតាដែលស្ថិតនៅទីតាំងខាងលើនៃស្រុកឱរ៉ាល់ ជាដីដែលលោកស្រីបានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃដូចការចោទប្រកាន់របស់មន្ទីរបរិស្ថាន លោកស្រីសុខចិត្តប្រគល់ដីនេះទៅឱ្យរដ្ឋវិញដោយគ្មានលក្ខខណ្ឌនិងព្រមទទួលទោសចំពោះមុខច្បាប់ ប៉ុន្តែស្នើឱ្យមន្ទីរបរិស្ថានក៏ដូចតុលាការត្រូវវិនិច្ឆ័យឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ ខណៈដីមួយចំនួននៅក្នុងស្រុកឱរ៉ាល់ពិសេសដីក្បែរខាងលោកស្រីនៅពុំទាន់មានប្លង់កាន់កាប់ច្បាស់លាស់នៅឡើយ។