ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុង “ពិធីសម្ពោធដាក់ឱ្យ ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD” ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តដល់ក្រុមហ៊ុននៅក្នុងស្រុកខិតខំស្វែងរកដៃគូសហការ ដើម្បីផលិតគ្រឿងបង្គុំក្នុងស្រុកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន បង្ករភាពងាយស្រួលដល់អតិជនក្នុងការថែទាំ និងជួសជុល។
សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ បានគិតគូរធ្វើយ៉ាងណាលើការលើកទឹកចិត្ត និងបន្ធូបន្ថយការលំបាក់ដល់ក្រុមហ៊ុន វិនិយោគិនដែលចង់ចូលមកវិនិយោគនៅកម្ពុជា តាមរយៈការសម្រួលនីតិវិធី កាត់បន្ថយលក្ខន្តិកៈនានា ដើម្បីធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួលដល់ការវិនិយោគ។
សម្ដេចធិបតីបានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់ដែលបានវិនិយោគនៅកម្ពុជាឱ្យបានរីកចម្រើនទៅមុខបន្ថែមទៀត ជាមួយនឹងសុខសន្ដិភាព ស្ថិរភាព និងផ្ដល់ជូនវិនិយោគិនរយៈពេលវែងដែលចង់មកវិនិយោគនៅកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ទៀតថា កម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលប្រមូលធាតុផ្គុំពីខាងក្រៅមកផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងក្លាយជាប្រទេសដែលផលិតគ្រឿងបង្គុំខ្លួនឯង និងនាំចេញទៅក្រៅប្រទេសផងដែរ។
សម្ដេចធិបតី រាជរដ្ឋាភិបាលខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ត្រនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ព្រមទាំងវិស័យឯកជននានា ដើម្បីពលរដ្ឋមានលទ្ធភាព ទិញរថយន្តថ្មី ប្រកបដោយគុណភាពស្តង់ដាអន្តរជាតិ និងតម្លៃសមរម្យយកមកប្រើប្រាស់។
សម្តេចធិបតីបានបន្ថែមថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានរោងចក្រដំឡើងរថយន្តចំនួន៩ ក្នុងនោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦ និងនៅខាងក្រៅចំនួន៣ផងដែរ៕