ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល
ថ្ងៃទី ៖ 17-04-2025, ដោយ​​ Dara007 , 51 Views
                     
ភ្នំពេញៈ កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព។ ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅកម្ពុជា។

សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

ជាការឆ្លើយតប, លោក ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចម្តងទៀតនៅកម្ពុជា។ លោកប្រធានាធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។

ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, លោក ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចបវរធិបតី និងលោក ស៊ី ជីនពីង បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។

លោក ស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើន មកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវ ជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១.០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com