ការព្រមានរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ដែល មានគោលដៅដើម្បីទាក់ទាញវិនិយោគឯកជន ឆ្ពោះទៅទិសឦសាន ត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រ, ពោលគឺ ត្រូវកំណត់នូវលក្ខខណ្ឌ និង វិធានការលើកទឹកចិត្ត ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដែល មានស្រាប់ ក្នុងខេត្តនីមួយៗផង, ជំរុញឲ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម ពីខេត្តមួយទៅខេត្ត មួយផង, និង អភិវឌ្ឍវិស័យគន្លឹះ និង ប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផង, ស្របតាម បំណងប្រាថ្នា របស់រាជរដ្ឋាភិបាល ដូចបានចង្អុល បង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ នៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីមានប្រសាសន៍ថា ការរៀបចំ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨»នេះ រាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និងសកម្មភាពធុរកិច្ច ស្របតាមគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង និងគំរូនៃ កំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន ។
ក្នុងន័យនេះ សម្តេចធិបតីបានណែនាំឱ្យអភិខេត្ដទាំង៤ ត្រូវយកចិត្ដទុកដាក់បង្កើនការទប់ស្កាត់បទល្មើស ជាពិសេសបទល្មើសបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពជូនដល់អ្នកវិនិយោគជាតិ និងអន្ដរជាតិស្របច្បាប់ឱ្យខាងតែបាន។ សម្តេចធិបតីបានបញ្ជាក់ថា ខេត្ដទាំង៤ត្រូវជំរុញការវិនិយោគពិត ទៅលើវិស័យពិត ដោយមិនជាប់ពាក់ព័ន្ធការងារខុសច្បាប់ និងបញ្ហាសន្ដិសុខ ដែលនាំឱ្យប៉ះពាល់ដល់ការនិយោគរបស់ខ្លួន ដើម្បីបង្កើនសក្ដានុពលនៃទស្សនៈវិជ្ជមាន និងរូបភាពវិជ្ជមាន ដែលនាំចំណូល ស្ថិរភាព និងសន្ដិសុខក្នុងរយៈពេលវែងជាមួយការរីកលូតលាស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ដទាំងបួន។
ជាមួយគ្នានេះ សម្តេចធិបតីណែនាំដល់ថ្នាក់ជាតិត្រូវចូលរួមសហការជាមួយថ្នាក់ក្រោមជាតិគ្រប់ទិដ្ឋភាព ទាំងសន្ដិសុខ សេដ្ឋកិច្ច និងគ្រប់វិស័យទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តទាំងបួននៅភូមិភាគឦសានមានការអភិវឌ្ឍកាន់តែលឿនបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយ ផល ដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ។ ដំណាំកសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និង ចេកអំបូងលឿង ជាដើម, សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និង ទីផ្សារក្នុងស្រុក ។ ជាក់ស្តែង, ក្នុងឆ្នាំ ២០២៤, បរិមាណផលនៃប្រភេទដំណាំទាំងនេះ ក្នុងខេត្តទាំងបួន មានទំហំប្រមាណ ២០ ទៅ ៦០ ភាគរយ នៃបរិមាណផលសរុបទូទាំងប្រទេស ។ តួលេខនេះ សបញ្ជាក់ច្បាស់ពីផលិតភាព និង ភាពអំណោយផលខ្ពស់ នៃស្ថានភាពដី, កត្តាភូមិសាស្ត្រ និង អាកាសធាតុ ក្នុងតំបន់ភូមិភាគឦសាន ចំពោះដំណាំទាំងអស់នេះ ។ ជាមួយគ្នានេះ, ភាពសម្បូរ បែប នៃសម្បត្តិធម្មជាតិ រួមមាន៖ អាកាសធាតុត្រជាក់, ខ្យល់បរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និង ដែនជម្រកសត្វព្រៃ ជាដើម បានធ្វើឲ្យខេត្តទាំងបួន ក្លាយជាតំបន់ដែល មានសក្តានុពលទេសចរណ៍ធម្មជាតិ និង អេកូទេសចរណ៍, ជាពិសេស ទេសចរណ៍ អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផល ទេសចរណ៍វប្បធម៌, ធម្មជាតិ និង ប្រវត្តិសាស្ត្រ ដែលមានលក្ខណៈ ពិសេសដោយឡែក សម្រាប់ខេត្ត និង តំបន់ភូមិភាគឦសាននៃប្រទេស តែប៉ុណ្ណោះ ៕