លោក អ៊ុំ ដេត អភិបាលរងស្រុកភ្នំស្រួចបានឱ្យដឹងថា ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះគឺបណ្តាលឱ្យមនុស្សយ៉ាងតិច១០នាក់បានរងរបួសធ្ងន់និង១០នាក់ទៀតរងរបួសស្រាល។ក្រោយកើតហេតុរថយន្តរបស់ក្រុមហ៊ុនវិរៈប៊ុនថាំបានដឹកអ្នករបួសធ្ងន់ចំនួន១០នាក់យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹងនិងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយឡែកអ្នករងរបួសស្រាលត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ២គ្រឿងរបស់មន្ទីរពេទ្យបង្អែកស្រុក។
លោក អ៊ុំ ដេត បានបញ្ជាក់បន្ថែមថា ចំពោះជនរងគ្រោះគឺជាភ្ញៀវទេសចរណ៍មកពីរាជធានីភ្នំពេញបានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើមកលេងជាក្រុមនៅលើខ្នងភ្នំគីរីរម្យ ហើយបន្ទាប់មកក៏បន្តដំណើរទៅលេងទីតាំងកម្សាន្តវិរៈប៊ុនថាំដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។
ជុំវិញហេតុការណ៍គ្រោះថ្នាក់នេះ សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា ករណីក្រឡាប់ធ្លាក់រថយន្តចូលជ្រោះនេះគឺផ្តើមចេញពីការដាច់ហ្រ្វាំងពេលរថយន្តចុះចំណោតខ្លាំង។
ទន្ទឹមនេះសមត្ថកិច្ចក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាយដែលមានបំណងចង់មកលេងនៅលើខ្នងភ្នំគីរីរម្យ សូមឱ្យពិនិត្យបច្ចេកទេសយានយន្តឱ្យបានមុននិងគិតថាមានសុវត្ថិភាពជៀសវាងជួបឧបទ្ទវហេតុគ្រោះថ្នាក់ដូចករណីរថយន្តខាងលើ។