ថ្លែងក្នុងឱកាសពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” លោក ហួត ហាក់ បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រទេសដៃគូ និងអង្គការជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំ២០២២មក បើទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ នៅបន្តមានឥទ្ធិពលនៅឡើយ។
លោកបន្ដថា ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យឯកជនឱ្យកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ, ចំណូល និងចលករជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។
ជាក់ស្តែងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលទេសចរអន្តរជាតិបានជាង ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើងជាង២០% រួមជាមួយចំណូលទេសចរណ៍បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាប្រមាណ ៣,៦ពាន់លានដុល្លាអាម៉េរិក៕