ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រនិង បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្ដវិនិយោគលើប្រព័ន្ធ៥G ដើម្បីពង្រឹងបន្ថែមទៀត គ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងគោលការណ៍មួយចំនួនសម្រាប់ត្រៀមលក្ខណៈបង្ករជាមួយប្រព័ន្ធ AIនាពេលខាងមុខ ខណៈដែលការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺបញ្ជូលនៅគ្រប់វិស័យទាំងអស់បន្ថែមទៀត។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ចំពោះការលើកកម្ពស់វិស័យអប់រំ និងជំនាញវិជ្ជាជីវៈ ដើម្បីពន្លឿនការពង្រីកធនធានមនុស្ស និងការពង្រឹងមូលធនមនុស្សសម្រាប់ឆ្លើយតបបានទាន់ពេលវេលានូវសេចក្ដីត្រូវការនៃវិវត្ដន៍នៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា។
សម្ដេចធិបតីថ្លែងថា AIឥឡូវឆ្លាតណាស់ AIបើយើងដើរមិនទាន់ទេ គឺគ្រោះថ្នាក់ ខណៈដែលមានថ្នាក់ដឹកនាំអ៊ីតាលីម្នាក់ ដែលជាមហាសេដ្ឋី បានផ្ញើលុយត្រូវបានគេបោកលុយអស់១លានអ៊ឺរ៉ូ តាមរយៈទូរស័ព្ទប្រើប្រព័ន្ធAI ធ្វើជាសំឡេងរបស់រដ្ឋមន្រ្ដីការពារជាតិអ៊ីតាលី ដោយរដ្ឋមន្រ្ដីអ៊ីតាលីមិនដឹងនោះឡើយ ដូច្នេះ គ្រប់ទាំងអស់គឺជាកិច្ចការសំខាន់ដែលរាជរដ្ឋាភិបាលបានដាក់ទិសដៅកសាងបន្ថែមដែលទាក់ទងទៅប្រជាជន ហើយបើមានតែបច្ចេកវិទ្យាតែប្រជាជនអត់ប្រើ គឺល្អនោះទេ។
សម្ដេចធិបតីបានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គឺពាក់ព័ន្ធជាមួយជីវិតមនុស្សគ្រប់គ្នា បន្ទាប់ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាជំរុញឧត្តមភាពនៃការប្រកួតប្រជែងរបស់ប្រទេសជាតិ។
សម្ដេចធិបតីបានបញ្ជាក់ថា ជាក់ស្ដែងការប្រើប្រាស់បច្ចេកវិទ្យា និងលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺអាចធ្វើទៅបាននូវគ្រប់វិស័យទាំងអស់មិនមែនតែវិស័យអប់រំនោះទេ ដូចជាការធ្វើបច្ចុប្បន្នភាពព្រះត្រៃបិដក ឬព្រះធម៌ទៅក្នុងឌីជីថលជាដើម។ ក្រៅពីនេះយើងអាចប្រើទៅលើវិស័យទេសចរណ៍សម្រាប់ការកក់សំបុត្រ កក់សណ្ឋាគារជាដើម ដូចជា e-Visa និង e-Arrival។ ចំណែកការទិញដូរនៅលើទីផ្សារ គឺបានកែប្រែមកប្រើប្រព័ន្ធ QR Code ជាដើម។
ជាមួយគ្នានេះ សម្ដេចបតី ហ៊ុន ម៉ាណែត ក៏បានជំរុញដល់ពលរដ្ឋ ជាពិសេសមន្ត្រីទាំងអស់ត្រូវចេះប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានគ្រប់ៗគ្នា ដើម្បីឆ្លើយតបការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និងទទួលបានផលប្រយោជន៍កាន់តែច្រើនផងដែរ៕