ការបង្ហាញបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយភាគីទាំងពីរ បានជជែកពិភាក្សាលេីកិច្ចសហប្រតិបត្តិការ ដេីម្បីផលប្រយោជន៍ប្រទេសទាំងពីរ ។
ក្នុងនោះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី បានបញ្ហាសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេសុី ជាគោលដៅសំខាន់ ដោយភាគីម៉ាឡេសុីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសម៉ាឡេសុី ដែលមានការខ្វះខាត។
ជាមួយគ្នានេះ ប្រទេសម៉ាឡេសុី បានបង្ហាញចំណាប់អារម្មណ៍លេីការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជាផងដែរ។ ជាការឆ្លេីយតប លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំនុចបំពេញឱ្យគ្នាច្រេីនទៅវិញទៅមក ដោយប្រទេសកម្ពុជាមានសក្ដានុពលលេីការដាំដុះស្រូវនិងផលិតកម្មអង្ករមានគុណភាព ព្រមទាំងសំបូរត្រី ស្របពេលដែលប្រទេសម៉ាឡេសុី មានតម្រូវការ។ ដូចនេះប្រទេសទាំងពីរនឹងសហការគ្នា ដោយកម្ពុជាស្នើឱ្យភាគីម៉ាឡេសុីបន្ធូរបន្ថយរបាំងបច្ចេកទេស ដូជា របាំងអនាម័យ ភូតគាមអនាម័យ ដេីម្បីសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅប្រទេលម៉ាឡេសុី។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសាទរដល់ប្រទេសម៉ាឡេសុី ដែលចង់បានអង្ករប្រណិតប្រកបដោយគុណភាពខ្ពស់ ខណៈដែលស្រូវអង្ករកម្ពុជា ជាផលិតផលប្រណិត មានគុណភាពល្អ និងរសជាតិឆ្ងាញ់។
ជំនួបនេះបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយ លោករដ្ឋមន្ដ្រីកសិកម្មនៃប្រទេសទាំងពីរ បានឯកភាពលេីកកម្ពស់កសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សំដៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយប្រទេសកម្ពុជាមានទីផ្សារស្រូវអង្ករ ហេីយប្រទេសម៉ាឡេសុីទទួលបានសន្តិសុខស្បៀង មានហូបគ្រប់គ្រាន់ ទាំងអង្ករ និងត្រី៕