លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានក្រុងច្បារមនបានឱ្យដឹងថា ប្រជាពលរដ្ឋបានសុំការអន្តរាគមន៍បន្ទាន់ក្រោយមានករណីភ្លើងឆេះវាលស្រែ ហើយកំពុងរាលដាលមករកភូមិឋាន។ភ្លាមនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យជំនាញពន្លត់អគ្គិសភ័យរបស់បញ្ជាការដ្ឋានចេញអន្តរាគមន៍បន្ទាន់ ដោយរួមជាមួយរថយន្តបង្ការសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺក្រោមបទបញ្ជារបស់លោកឧត្តមសេនីយយទោ ឃឹម សុកខៃ ក៏បានទៅដល់ទីតាំងកើតហេតុ ហើយធ្វើការបាញ់ពន្លត់។
លោកវរសេនីយ៍ត្រី ធី ឆៃ បានបន្តថា ដោយខែនេះជាខែប្រាំង អាកាសធាតុក្តៅ គល់ជញ្ជ្រាំងនិងស្មៅស្ងួតល្អនិងមានខ្យល់ធ្លាក់បោកបក់ខ្លាំង អំណោយផលដល់ការឆេះរាលលឿន ដែលត្រឹមតែរយៈពេលខ្លី ផ្ទៃដីជាង២៥ហិកតាត្រូវបានឆេះរាបដល់ដី។មួយវិញទៀតដោយកិច្ចអន្តរាគមន៍ទាន់ពេលវេលារបស់កងកម្លាំងទាំង២ ធ្វើឱ្យយើងអាចគ្រប់គ្រងស្ថានការណ៍បានហើយឈានទៅបាញ់ពន្លត់បាន១០០% ដោយមិនបណ្តាលឱ្យមានការឆេះរាលដាលដល់ផ្ទះសម្បែងពលរដ្ឋនិងបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វឡើយ។
ដោយមើលឃើញពីហេតុការណ៍នេះ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ពិសេសអ្នកដែលមានលំនៅដ្ឋានក្បែរនិងវាលស្រែឬព្រៃ ដែលងាយក្នុងការទទួលរងការឆាបឆេះដែលរាលមកពីការឆេះគល់ជញ្រ្ជាំងឬភ្លើងព្រៃ។ មួយវិញទៀតក៏សំណូមពរដល់អ្នកដែលនិយមដុតព្រៃឬគល់ជញ្ជ្រាំងដើម្បីដេញសត្វ សូមបញ្ឈប់ជាបន្ទាន់ដើម្បីបង្ការការឆេះរាលដល់ផ្ទះបងប្អូនជាយថាហេតុ ហើយត្រូវរាយការណ៍ឱ្យបានទាន់ពេលវេលាមកសមត្ថកិច្ចយើងដែលនៅជិតបំផុត ដើម្បីមានលទ្ធភាពជួយអន្តរាគមន៍បានទាន់ពេលា។