នគរបាលកម្ពុជា បញ្ជូនជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមច្រកប៉ោយប៉ែត
ថ្ងៃទី ៖ 11-01-2025, ដោយ admin , 109 Views
បន្ទាយមានជ័យ : នគរបាលកម្ពុជាដឹកនាំដោយលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទទួលផែនកណ្ដាលសន្តិសុខ បានធ្វើការបញ្ជូនជនសង្ស័យជាជនជាតិថៃ ក្នុងករណីបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំគណបក្សប្រឆាំង នៅទីក្រុងបាងកក ប្រទេសថៃ ឱ្យភាគីថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១១ និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការសហការជាមួយសមត្ថកិច្ចថៃ ចាំប្រគល់និងទទួលនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយក៏មានអ្នកសារព័ត៌មានថៃជាច្រើននាក់ បានចោមរោមធ្វើបទសម្ភាសន៍ផងដែរ ។
សូមបញ្ជាក់ថា ជនសង្ស័យជាជនជាតិថៃនេះមានឈ្មោះ Ekkalak pheanoi ត្រូវកម្លាំងនគរបាលកម្ពុជា ខេត្តបាត់ដំបង បានឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងទឹកដីខេត្តបាត់ដំបង បន្ទាប់ពីជននេះបានបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងកម្ពុជា ហើយរត់គេចខ្លួនមកកម្ពុជាតាមច្រករបៀង និងត្រូវបានចាប់ខ្លួនបញ្ជូនទៅអគ្គស្នងការនគរបាលជាតិកម្ពុជា បន្ទាប់មកនៅថ្ងៃនេះ អគ្គស្នងការនគរបាលជាតិដឹកនាំដោយលោក ឌី វិជ្ជា ក៏បានបញ្ជូនជនដៃដល់ខាងលើនេះប្រគល់ឱ្យខាងភាគីថៃវិញផងដែរ៕
|