ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតីហ៊ុន ម៉ាណែត ចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងបណ្ដាប្រទេសអាស៊ាន
ថ្ងៃទី ៖ 22-04-2024, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត ចាត់ទុក្ខការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងបណ្ដាប្រទេសអាស៊ាន ដើម្បីឆ្លើយតបក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាអញ្ជើញ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃការចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើក សន្និបាត លើកទី ៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិកថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ជាពិសេស នៅក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាតក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺ អាចធ្វើឱ្យយើងចែករំលែកបាននូវផ្លែផ្កានៃការអភិវឌ្ឍដល់ប្រជាពលរដ្ឋគ្រប់ៗរូបស្មើៗគ្នា ។ ដូចបណ្តាប្រទេសនានាដែរ កម្ពុជាបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារបច្ចេកវិទ្យាឌីជីថល អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈចាំបាច់ ក៏ដូចជាកសាងសង្គមទំនើប និងស៊ីវីល័យមួយ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ។

ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយរក្សាបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា, ពោលគឺបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពថ្មីមួយ កំណត់នៅក្នុងបញ្ចកោណទី៥ គឺ «ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល» ។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រុ បច្ចេកវិទ្យា និង នវានុវត្តន៍ឆ្នាំ ២០២០-២០៣០» ។ល។ ក្នុងបរិបទសកល និងតំបន់, កម្ពុជា បាន និង កំពុងចូលរួមយ៉ាងបុរេសកម្ម ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ និងសកល រួមមានដូចជា «ផែនការមេឌីជីថលអាស៊ាន២០២៥» និង «យុទ្ធសាស្រ្តឌីជីថល២០២២-២០២៥» របស់អង្គការសហប្រជាជាតិ ។

ទន្ទឹមនេះ កម្ពុជា បាន និងកំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមឌីជីថលអាស៊ានផ្សេងៗ ជាពិសេសការរៀបចំ “កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលមានគោលបំណងក្នុងការផ្តល់ជាអភិក្រមយុទ្ធសាស្ត្រ និងពេញលេញកម្រិតតំបន់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្មក្នុងតំបន់ ប្រកបដោយ បរិយាបន្ន និងទាន់ពេល។ លើសពីនេះ អាស៊ានក៏បានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាជំពូកអាទិភាពមួយ នៅក្នុងកិច្ចព្រមព្រៀងនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។ សម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈវេទិកានេះ នឹងអាចរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមមួយចំនួន ដូចជា គម្លាតឌីជីថលទាំងរវាងប្រទេស និង ប្រទេស និងរវាងទីក្រុង និងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និង ការទទួលបានសេវាអ៊ីនធឺណិតដែលមានគុណភាព, អក្ខរកម្មឌីជីថលរបស់ប្រជាពលរដ្ឋនៅមានកម្រិត កង្វះការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, កង្វះការធ្វើពាណិជ្ជកម្ម និង សេវាកម្មឌីជីថល បញ្ហាសន្តិសុខសាយប័រ និង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ។ល។ ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ ។

ជាចុងក្រោយ ជាមួយនឹងបញ្ហាប្រឈមរួមនៃតំបន់ និងសកល សម្តេចធិបតី ក៏បានលើកទ្បើងអំពីបញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួម បូករួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិតដែលមានគុណភាព ។ ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលទៅជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ។ កម្ពុជា នៅតែមានការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា ។

ទន្ទឹមនេះ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ ក្រោមប្រធាបទ ‘កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីអំពីពិភពលោកមួយដែលគ្មានមីន’ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ ថ្ងៃ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្នុងនេះ សម្តេចធិបតី បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ ក៏ដូចជាគាំទ្រ និងចូលរួមនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលជាលើកដំបូងសម្រាប់ គណ:កម្មការ ESCAP ចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com