រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម នឹងបញ្ឈប់ដំណើរការមុនកំណត់នៅកម្ពុជា
ថ្ងៃទី ៖ 30-11-2023, ដោយ Dara007 , 97 Views
កោះកុង:សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម នឹងបញ្ឈប់ដំណើរការមុនកំណត់ និងបិទមិនឱ្យមានការវិនិយោគអគ្គិសនីដុតធ្យូងថ្មទាំងស្រុងនៅកម្ពុជា។
ថ្លែងក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើមានអានុភាព ១៥០ ម៉េហ្គាវ៉ាត់នៅស្រុកថ្មបាំងខេត្តកោះកុង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា បានប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែនិងថាមពលដឹកនាំសម្របសម្រួលការងារអន្តរកាលវិស័យថាមពលមួយចំនួន ក្នុងនោះរួមមានបញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតដុតធ្យូងថ្មដែលមានស្រាប់បញ្ឈប់ដំណើរការមុនកំណត់នៅកម្ពុជាដែលជាគោលដៅធំមួយ។
សម្តេចធិបតីប្រាប់ថា រាល់សំណើផ្សេងៗអ្នកដែលមកចង់ធ្វើការវិនិយោគរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅកម្ពុជា កុំមកនាំតែខាតលុយជិះយន្ដហោះមកទេ។
សម្ដេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ឈប់គម្រោងវិនិយោគរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មកម្លាំង ៧០០ មេហ្គាវ៉ាត់នៅស្រុកបូទុមសាគរ ខេត្តកោះកុងឱ្យទៅគម្រោងវិនិយោគផលិតអគ្គិសនីដោយជីវម៉ាស់វិញ។
សម្តេចធិបតីបញ្ជាក់ថា នេះគឺជាការទទួល ខុសត្រូវរបស់យើងក្នុងនាមជាប្រទេ សមួយនៅក្នុងសមាជិកនៃភពផែនដីក៏ត្រូវអភិវឌ្ឍន៍នៅក្នុងគោលដៅណាដែលចូលរួមនៅក្នុងការថែរក្សាបរិស្ថានជាពិសេសជួយទប់ស្កាត់ក្នុងការប្រែប្រួលអាកាសធាតុលើពិភពលោក៕
|