សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
សម្ដេចធិបតីបានថ្លែងថា ការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន ២គឺបរិស្ថានអំណោយផលល្អ(សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ។
សម្ដេចធិបតីបន្តថា ផ្លែផ្កានៃសុខសន្តិភាពបានធ្វើឱ្យតំបន់កោះកុងប្រែមុខមាត់ មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយបានទាញយកប្រភពថាមពលអគ្គិសនី សម្រាប់បំពេញតម្រូវការទូទាំងប្រទេស។ សម្ដេចធិបតីចាត់ទុកថា វិស័យអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីបន្ថែមថា រាល់ពេលដែលរាជរដ្ឋាភិបាលនិយាយពីសុខសន្ដិភាព ស្ថិរភាព របស់ប្រទេសកម្ពុជា អ្នកខ្លះតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលផ្ដាច់ការតែម្ដង ខណៈដែលប្រទេសកម្ពុជា បើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាវិស័យថាមពលអគ្គិសនីនេះជាដើម។ ដូច្នេះ សន្ដិភាព សម្ដេច សុខចិត្ដឱ្យគេចោទថាជាបុគ្គលផ្ដាច់ការក៏បានដែរ ជាជាងមិនអាចស្វែងរកសន្ដិភាពជូនដល់ប្រជាជន។
សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងទទួលខុសត្រូវលើប្រជាពលរដ្ឋនិងប្រទេសជាតិចំនួន៣សំខាន់ ទី១ គឺជំរុញជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ដោយគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់។ និងទី៣ ទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។
សម្ដេចធិបតី «រាជរដ្ឋាភិបាល មានភារៈកិច្ចដាក់គោលដៅនៅក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយកាត់បន្ថយភាពក្រីក្រឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានកើនឡើង ដែលនេះគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។ ពីប្រទេសមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ពីប្រជាពលរដ្ឋដែលគ្មានស្ថិរភាព គ្មានសន្តិភាព ទៅជាកន្លែងដែលអាចអភិវឌ្ឍ អាចឱ្យប្រជាពលរដ្ឋរស់នៅបាននិងរីកចម្រើន។ ពីប្រទេសដែលក្រីក្ររាប់បាតដៃទទេចេញមក៤០ឆ្នាំជាងមុន ទៅជាប្រទេសដែលមានជីវភាពចំណូលមធ្យមកម្រិតទាប ដែលយើងដាក់ទិសដៅ ដើម្បីឱ្យយើងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងជីវភាពនិងជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាជនគ្រប់ទីកន្លែងទាំងអស់ កាន់តែកើនឡើង ដែលនេះគឺជាទិសដៅរបស់រាជរដ្ឋាភិបាល ៕» សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាត្រូវធានាឱ្យបាន នូវសន្តិសុខថាមអគ្គិសនី និងឯករាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ មិនត្រូវពឹងតែទិញពីប្រទេសជិតខាងទេ៕