ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពិធីបុណ្យអុំទូក បានបញ្ចប់ដោយភាពជោគជ័យនិងសប្បាយរីករាយ
ថ្ងៃទី ៖ 28-11-2023, ដោយ​​ admin , 145 Views
                     
ភ្នំពេញ : ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣នេះ បានបញ្ចប់ទៅ ដោយភាពជោគជ័យក្រោមម្លប់សុខសន្តិភាពនិងភាពសប្បាយរីករាយក្រៃលែង ក្រោមព្រះរាជធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២៣នេះបានប្រព្រឹត្តទៅយ៉ាងមហាឡារឹកជាទីបំផុតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងមហាជនចូលរួមមកយ៉ាងច្រើនកុះករ ដែលធ្វើឱ្យព្រះរាជពិធីនេះ មានភាពអធឹកអធមសប្បាយក្រៃលែង។ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ដែលជាថ្ងៃទីបី ដែលជាថ្ងៃបិទបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឬទ័យ ស្តេចយាងទតដោយផ្ទាល់ពីសកម្មភាព ការប្រណាំងទូកង ទូកមួងរបស់ក្រុមកីឡាករ កីឡាការិនីមកពីតាមបណ្តាខេត្តដែលបានចូលរួមប្រណាំងយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមជ័យលាភីត្រលប់ទៅកាន់ស្រុកកំណើតវិញ។

ក្រោយពីព្រះពិធីប្រណាំងបានបញ្ចប់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រទានពានរង្វាន់ ដល់ក្រុមកីឡាករ កីឡាការិនីទូកង ទូកចែវដែលទទួលបានជ័យលាភី ជាទូកឆ្នើមលេខ១ ដែលមានល្បឿនលឿនជាងគេ រួមទំាងទូកដែលមានសោភ័ណភាពល្អស្រស់ស្អាតជាងគេផងដែរ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងជាអនុប្រធាននៃអនុគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគនៃការប្រកួតទូក «ង» បានឱ្យដឹងថា ព្រះរាជពិធីប្រណាំងទូករយៈពេលបីថ្ងៃនេះ បានបញ្ចប់ដោយភាពជោគជ័យនិងរលូនជាទីបំផុត ហើយការប្រណាំងទូកធានាសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ណាមួយកើតឡើង ចំពោះក្រុមកីឡាករ កីឡាការិនីឡើយ ពិសេសព្រះរាជពិធីកាត់ព្រ័ត្រនិងចាប់កូនខ្លែង បានប្រព្រឹត្តទៅយ៉ាងល្អ និងមានរបៀបរៀបរយស្រស់ស្អាត ប្រៀបបានយទៅនឹង ក្បួនប្រយុទ្ធរបស់កងទ័ពជើងទឹកខ្មែរដ៏អង់អាចក្លាហានវាយបង្ក្រាបបានជោគជ័យលើពួកខ្មំាងសត្រូវ។

លោកបន្ដថា ក្នុងព្រះរាជពិធីប្រណាំងទូកទំាង៣ថ្ងៃនេះ គឺបានបានរកឃើញទូកគូរពិសេសលេខ១ ដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០២៣នេះ គឺបានទៅលើទូកឈ្មោះមហាទន្សាយតេជោសែនជ័យ មកពីខេត្តកំពង់ចាម ទូកលេខ២ បានទៅលើទូកឈ្មោះសម្តេចវិបុលបញ្ញាបារមីមានជ័យ មកពីខេត្តតាកែវ និងលេខ៣ បានទៅលើទូកឈ្មោះ កោះកេរសែនជ័យបារមីព្រះអង្គខ្មៅ មកពីខេត្តព្រះវិហារ។

លោកបន្ដទៀតថា ទូកដែលទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣  ទទួលបានពានមួយ បណ្ណសរសើរមួយ រួមទំាងថវិកាមួយចំនួនទៀត ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីដែលបានខិតខំចូលរួមប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃមកនេះ។ លោក អះអាងថា ឆ្នាំនេះគណៈកម្មការរៀបចំការប្រណាំងទូកបានរៀបចំយ៉ាងល្អប្រសើរ ដូចជាការគូផ្គង់ទូក ការគ្រប់គ្រងទូកក្នុងពេលប្រកួត មិនឱ្យមានការលួចខ្សែទឹកគ្នាបានឡើយ ដើម្បីធានាបានតម្លាភាពក្នុងពេលប្រកួត។

លោក សា រឹ ជាកីឡាករ ទូកពាមមានជ័យ បារមី ទួលត្រាស់ មកពីភូមិថ្មី ឃុំ ពាមរក៏ ស្រុកពាមរក៏ ខេត្ដព្រៃវែង ដែលទទួលបានចំណាត់ថ្នាក់លេខ១ផ្នែកសោភ័ណភាព បានបង្ហាញអារម្មណ៍សប្បាយរីករាយ ហើយចាត់ទុកភាពជោគជ័យនាពេលនេះ គឺជាមោទនភាពដែលក្រុមកីឡាករ ប្រណាំងទូករបស់លោកបានខិតខំហ្វឹកហាត់ ក្នុងការដណ្តើមពានជ័យលាភីត្រលប់ទៅវិញ។

លោកបន្តថា ការទទួលបានជ័យលាភីនេះ គឺដោយសារមានការគោរពវិន័យសាមគ្គីគ្នា មានការហាត់សមយ៉ាងត្រឹមត្រូវ រួមទំាងការហូបចុកគ្រប់គ្រាន់និងមានសុខភាពល្អជាដើម។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺព្រះរាជពិធីបុណ្យប្រចាំឆ្នាំដ៏ធំរបស់កម្ពុជាមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវហើយបានឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់សុខសន្តិភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមលេងកម្សាន្ត យ៉ាងច្រើនកុះករ បន្ទាប់ការអាក់ខានរយៈពេល៣ឆ្នាំកន្លងមកនេះ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com