តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថានៅវេលាកើតហេតុឃើញមានភ្លើងនិងផ្សែងហុយចេញពីតូបមួយនៅកណ្ដាលផ្សារបុរីសន្តិភាព២។ ភ្លាមៗនោះពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរដើម្បីជួយអន្តរាគមន៍។ប៉ុន្តែភ្លើងបានឆាប់ឆេះយ៉ាងលឿន សន្ធោសន្ធៅ។ កម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកើតហេតុដើម្បីបាញ់ពន្លត់។ តែទោះជាយ៉ាងណាតូបនៅក្នុងផ្សារបុរីសន្តិភាព២ គឺពោរពេញទៅដោយទីតាំងលក់គ្រឿងជ័រនិងក្រណាត់ ជាពិសេសនោះតូបនីមួយៗប្រើទ្វាររូតគឺលំបាកក្នុងការគាស់និងជួយអន្តរាគមបាញ់ទឹកពន្លត់។
ប្រភពព័ត៌មានពីមន្ត្រីការិយាល័យបង្ការនិងពន្លត់អគ្គីភ័យបានឲ្យដឹងថារហូតដល់ម៉ោង ៦និង៣០នាទីព្រឹក ទើបកម្លាំង ជួយអន្តរាគមន៍និងគ្រប់គ្រងបាញ់ទឹកពន្លត់រលត់ជាស្ថាពរ។
ទំហំនៃការខូចខាត ប្រភេទសំណង់ដែកប្រក់ស័ង្កសី ទំហំ ៣២ម៉ែត្រ គុណ១០០ម៉ែត្រ គិតជាតូប ឆាប់ឆេះតូបរបស់អាជីវករលក់ដូរក្នុងផ្សារបុរីសន្តិភាព២ អស់ចំនួន៤១៩តូប។ រថយន្តមកដល់ទីតាំងចំនួន ៣៥គ្រឿង ប្រើប្រាស់អស់ចំនួន២៦១ឡាន ទើបជួយអន្តរាគមន៍បាញ់ពន្លត់រលត់ជាស្ថាពរ រួមមានរថយន្តការិយាល័យបង្ការនិងពន្កត់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២៤០ឡាន។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន។ រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន។ រថយន្តអគ្គិភ័យង៧០ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៩ឡាន និងរថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ឡាន។
ចំពោះមូលហេតុ មន្រ្តីជំនាញកំពុងធ្វើការងារស្រាវជ្រាវ ថាតើបណ្ដាលមកពីមូលហេតុអ្វី៕