លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដាក់គោលដៅ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់អាស៊ានឱ្យមានកំណើនឡើងវិញ រួមមាន ការជំរុញនាំចេញទំនិញវិស័យកសិកម្មទៅបណ្ដាប្រទេសធំៗ,ទាក់ទាញអ្នកវិនិយោគ និងជំរុញវិស័យទេសចរជាដើម។
នៅក្នុងវេទិកាពិភាក្សាលើប្រធានបទ«អនាគតអាស៊ាន ៖ បញ្ហាប្រឈម និងកាលានុវត្តភាព» នាព្រឹកថ្ងៃទី២៥ វិចិ្ឆការ នៅសណ្ឋាគារសាន់វេ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ដែលមាន លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែត លោក កៅ គឹមហួន បានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងចរចា និងស្នើជប៉ុន និងចិន ដើម្បីជំរុញការហោះហើរនៅតាមបណ្ដាខេត្ដឱ្យបានកាន់តែច្រើន ក្នុងការធ្វើឱ្យវិស័យទេសចរងើបឡើងវិញ។
លោកបន្ថែមថា នេះជាកិច្ចការរបស់អគ្គលេខាធិការអាស៊ាន ដែលកំពុងធ្វើ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់អាស៊ាន រួមទាំងកម្ពុជាផង អាចឱ្យដំណើរការល្អប្រសើរ បន្ទាប់ពីជួបវិបត្ដិជំងឺកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ទន្ទឹមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បង្ហាញក្តីរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៦ភាគរយ នៅឆ្នាំ២០២៣នេះ និងបន្តកើនឡើង ៦,៦ភាគរយ នៅឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ជីវភាពរបស់របស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ទោះបីមានការរំពឹងបែបនេះក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលមិនភ្លេចលើកឡើងនូវកត្តាប្រឈមដែលអាចកើតមានឡើងផងដែរ ដោយសម្តេចបញ្ជាក់ថា៖ “ប្រាកដណាស់ថាទស្សនវិស័យកំណើននេះ ក៏អាចប្រឈមនឹងបញ្ហាហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់យកស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ចដោយព្យាយាមកសាងឲ្យបាននូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង”៕