ក្នុងសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ស្តីពី « ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត ៖ ការកំណត់មាគ៌ា សម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន » នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានបោះបង់ឬផ្លាស់ប្ដូរនូវទិសដៅអនុវត្តរយៈពេលវែងនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដើម្បីជំរុញការខិតខំប្រឹងប្រែងសម្រេចឱ្យបាន ធ្វើឱ្យយ៉ាងណានាំយកផលប្រយោជន៍ ជូនប្រជាជនកម្ពុជា។
សម្តេចធិបតី បានបន្ថែមថា ដោយឈរលើស្មារតីរក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី និងគិតគូរជាសកល ព្រមទាំងអនុវត្តតាមបរិការក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ព្រមទាំងកំណត់នូវអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្រ្ដប៉ុណ្ណោះទេ តែបានដាក់ចេញនូវកម្មវិធីយន្ដការកំណែទម្រង់ និងវិធានការជាក់ស្ដែងជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ៣ខែកន្លងទៅនេះ រាជរដ្ឋាភិបាល អាណត្តិទី ៧ បានដាក់ជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន ៥ ត្រូវបានប្រកាស និងដាក់ឱ្យចាប់ផ្ដើមអនុវត្តរួចរាល់ហើយ៕