ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា ទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធ ជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ជាអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ ជាក់ស្តែងដូចការអភិវឌ្ឍនូវកោះនរាភ្ជាប់ជាមួយតំបន់អភិវឌ្ឍន៍កោះពេជ្រ យ៉ាងដូច្នេះដែរ ខណៈតំបន់នេះ នឹងធ្វើឲ្យសរសៃសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែបន្តរីកធំឡើងៗជាបន្តបន្ទាប់ បន្ថែមទៀត។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបង្ហើបឲ្យដឹងថា នៅតំបន់អភិវឌ្ឍន៍កោះនរានាពេលខាងមុខនេះ ក៏មានគម្រោងនឹងធ្វើអគារកម្ពស់៥៥៥ម៉ែត្រ ដែលខ្ពស់ជាងគេមួយនៅក្នុងតំបន់ផងដែរ ។ ជាពិសេសតំបន់កោះនរានេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់រាប់ម៉ឺននាក់មានការងារធ្វើជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរ៕