សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា នាពេលនេះមន្រ្តីប្រដាប់អាវុធចំនួនបួនរូបដែលបានបាញ់រាប់រយគ្រាប់នៅគិរីរម្យត្រូវបានដកចេញពីក្របខណ្ឌសម្រាប់ការព្រមាន ដើម្បីធ្វើជាគំរូគេ កុំឱ្យមានអំពើនេះកើតឡើងម្ដងទៀតនៅក្នុងជួររាជរដ្ឋាភិបាល ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ក្នុងការបង្រ្កាបដល់មន្រ្តីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀន ផងដែរ។ សម្តេចធិបតី បានបញ្ជាក់ថា ការចាត់វិធានការឲ្យដូចជាភ្លៀងរលឹមនេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ។ពិសេស ធានាឱ្យបាននូវភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចចម្រុះ រួមមាន នគរបាល អាវុធហត្ថ និងបរិស្ថាន បានចុះទៅពិនិត្យក្នុងបរិវេណផ្ទះរបស់ឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោយមានករណីបាញ់បោះសេរីកក្រើករាត្រីលើខ្នងភ្នំគីរីរម្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលទៅបោះតង់នៅទីនោះ។
អាជ្ញាធរឃុំចំបក់ នៃស្រុកភ្នំស្រួច បានឱ្យដឹងថា ក្រោយមានករណីក្រុមឧត្តមសេនីយ៍ ចាប់ពីផ្កាយ១ ផ្កាយ២ ផឹកស៊ី ចាក់ធុងបាស់ បាញ់បោះ ហ៊ោកញ្ជៀវរួចមក និងបានវិលត្រឡប់ចាកចេញពីផ្ទះកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងរើសបានសំបកគ្រាប់យ៉ាងច្រើន ដែលនៅរាយប៉ាយលើដី។សំបកគ្រាប់ដែលរើសបានមានចំនួន ២០៣គ្រាប់ ក្នុងនោះប្រភេទអាវុធខ្លីចម្រុះ ១១២គ្រាប់ គ្រាប់M១៦ ចំនួន៣៦គ្រាប់ និងគ្រាប់ ៥៥គ្រាប់ ផ្សេងទៀតមិនស្គាល់ម៉ាក៕