លោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា ចាប់ពីពេលនេះតទៅ វិស័យបច្ចេកវិទ្យានឹងបញ្ជ្រៀបចូលនៅគ្រប់ទីកន្លែងទាំងអស់តែម្ដង បន្ទាប់ពីបច្ចេកវិទ្យាកាន់តែទំនើបដែលតម្រូវឱ្យយុវជនត្រូវមានចំណេះ និងជំនាញច្បាស់លាស់ ។
ការអះអាងរបស់ឯកឧត្ដម ហេង សួរធ្វើឡើងក្នុងពិធីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលកោះពេជ្រ ។
លោករដ្ឋមន្រ្ដីក្រសួងការងារ បានណែនាំឱ្យយុវជន ឬកម្មករ ត្រូវចេះបង្កើនសមត្ថភាព និងជំនាញ មុននឹងចូល និងបំពេញការងារនៅក្នុងក្រុមហ៊ុន រោងចក្រសហគ្រាស ដើម្បីអាចមានសមត្ថភាពទាំងជំនាញ និងបច្ចេកវិទ្យាក្នុងការបំពេញការងារមានម៉ាស៊ីនទំនើប និងប្រើប្រាស់កុំព្យូទ័របានយ៉ាងងាយស្រួល។
ជាមួយគ្នានោះ លោករដ្ឋមន្រ្ដីបានស្នើឱ្យក្រុមហ៊ុន និងរោងចក្រសហគ្រាសសុំចូលរួមសហការឱ្យបុគ្គលិករបស់ខ្លួនមានឱកាស ដើម្បីចេញទៅបន្ដការសិក្សារៀនសូត្រជំនាញបន្ថែមផងដែរ ។
ទន្ទឹមនឹងនេះ ក្រសួងនឹងខិតខំផ្ដល់ឱកាសបណ្ដុះបណ្ដាលបុគ្គលិក និងកម្មករនៅពេលយប់ ឬចុងសប្ដាហ៍ ដើម្បីបង្កើនសមត្ថភាពជូនពួកគាត់។ ឯកឧត្ដមបានបញ្ជាក់ថា ក្រោយការបណ្ដុះបណ្ដាលរួច ពួកគាត់អាចបំពេញការងារជូនក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមិនចាំបាច់ស្វែងរកបុគ្គលិកជំនាញនោះទេ។
សូមបញ្ជាក់ថា សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានដាក់គោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” គឺជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារផងដែរ៕