ថ្លែងក្នុងពិធីបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ជាង១៥០០០នាក់ មកពីបណ្តា រោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងកែប្រែឃ្លាំងដាក់ទំនិញបន្ថែម និងត្រៀមបុកគ្រឹះក្នុងការសាងសង់ពង្រីក កំពង់ផែទឹកជ្រៅថ្មីមួយបន្ថែមទៀតនៅខេត្តព្រះសីហនុ ដើម្បីអាចឱ្យនាវាកុងតឺន័រខ្នាតធំៗអាចចូលចត បាន។
សម្តេចធិបតី បានបន្តថា ការបុកគ្រឹះសាងសង់កំពង់ផែទឹកជ្រៅថ្មីនេះ ដោយសារតែបច្ចុប្បន្ន នេះ កំពង់ផែខេត្តព្រះសីហនុមានជម្រៅទឹកត្រឹមតែ៩ម៉ែត្រកន្លះ ដូច្នេះរាល់ទំនិញដែលត្រូវចូលមកកម្ពុជា តាមរយៈកប៉ាល់ដែលនាំចូលមកត្រឹមតែ១៨ភាគរយនៃទំនិញ ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនខ្ពស់។
សម្តេចធិបតី បានបន្ថែមថា បើកំពង់ផែទឹកជ្រៅថ្មីជំហានទី១ បានសាងសង់រួចរាល់នោះ អាចធ្វើឱ្យកប៉ាល់ ដឹកកុងតឺន័រចូលមកបាន៩៣ភាគរយ ខណៈនៅសល់៧ភាគរយតែប៉ុណ្ណោះ ដូច្នេះវានឹងជួយកាត់បន្ថយ តម្លៃនៃការដឹកជញ្ជូន ដែលមួយកុងតឺន័រប្រមាណ៤០០ទៅ៥០០ដុល្លារអាមេរិក មកត្រឹម២០០ដុល្លារ អាមេរិក ក្នុងមួយកុងតឺន័រ។
បន្ថែមពីនោះទៀត បើកំពង់ផែទឹកជ្រៅថ្មី អភិវឌ្ឍបន្ថែមជំហានទី២ ឬជំហាន ទី៣បន្ថែមទៀតនោះ ដូច្នេះរាល់កប៉ាល់ទាំងអស់ អាចចូលមកកម្ពុជាបាន ដែលនឹងជួយបង្កើតការងារ កាន់តែច្រើន ជំរុញសេដ្ឋកិច្ចកាន់តែខ្លាំងបន្ថែមទៀត៕