ការបង្ហាញការព្រួយបារម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ។
សម្តេចធិបតី មានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋលែងបារម្ភចំពោះហានិភ័យគ្រាប់មីន និងហានិភ័យសង្រ្គាមហើយ នៅឡើយតែបញ្ហាគ្រឿងញៀន និងបងតូចបងធំទេ ដែលពួកគាត់កំពុងបន្តបារម្ភ ដែលបញ្ហានេះ ទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ចំពោះគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាគ្រឿងញៀន បញ្ហាអសន្តិសុខផ្សេងៗទៀត នៅតាមមូលដ្ឋាន គឺជាកង្វល់រួមទាំងអស់គ្នា ដូច្នេះត្រូវខិតខំធ្វើយ៉ាងណាទប់ស្កាត់នូវបញ្ហានេះឲ្យកុំឲ្យមានបន្តទៀត ជាពិសេសគឺគ្រឿងញៀននេះតែម្តងត្រូវតែកម្ចាត់វាឲ្យអស់ចេញពីកម្ពុជា។
ទន្ទឹមនឹងនេះ សម្តេចធិបតី បានបញ្ជាក់ថា ក្នុងអាណត្ដិទី៧នេះ បានកែទម្រង់រចនាសម្ព័ន្ធ និងក្បាលម៉ាស៊ីនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាច្រើន ដោយដាក់បញ្ជូលសមាសភាពថ្នាក់ជាឧបនាយករដ្ឋមន្ត្រីរហូតដល់៤រូប ដឹកនាំយន្តការនេះ គឺបង្ហាញពីឆន្ទៈយ៉ាងមុះមុត និងការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ សំដៅធ្វើយ៉ាងណាឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនទាំងស្រុង៕