លោកស្រី មាន ស្រីស្រស់ ជាមន្ត្រីជ្រើសរើសបុគ្គលិកមីក្រូហិរញ្ញវត្ថុ ចម្រើន បានលើកឡើងថា នៅក្នុងវេទិកាការងារដែលរៀបចំដោយ NEA ពិតជាមានបេក្ខជនច្រើនណាស់មកចូលរួមដាក់ពាក្យ និងសម្ភាសការងារ។ លោកស្រីបន្តថា៖ «ក្រុមការងាររបស់ខ្ញុំដែលមកចូលរួមជាមួយនឹង NEA ស្ទើរតែពុំមានពេលសម្ភាសបងប្អូនដែលមកស្វែងរកការងារ ត្បិតក្រុមការងារមានចំនួនតិច ហើយអ្នកមកចូលរួមមានចំនួនច្រើន»។
លោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិកធនាគារ អ៊ូរី លើកឡើងថា ទីតាំង NEA គឺជាកន្លែងជួបគ្នាដោយងាយស្រួលរវាង តំណាងក្រុមហ៊ុន និងអ្នកស្វែងរកការងារធ្វើ។លោកបន្ថែមថា ប្រសិនបើ សិស្ស/និស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេច NEA ដែលជាប្រភពនៃព័ត៌មានការងារយ៉ាងច្រើនសម្បូរបែប។
លោកក៏សូមថ្លែងអំណរអគុណ ដែល NEA ក៏ដូចជាក្រសួងការងារ ដែលតែងតែសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងការជ្រើសរើសបុគ្គលិក។ យុវជន ចន្ធូ រតនៈ រៀននៅវិទ្យាល័យហ៊ុនសែនកោះចិន បានសម្ភាសជាប់ជាស្ថាពរ នៅក្រុមហ៊ុន Master Suki Soup ផ្នែក Services លើកឡើងថាប្អូនពិតជាសប្បាយរីករាយណាស់ដែលទទួលបានការងារតាមរយៈកិច្ចសម្ភាសការងារនេះ។
ប្អូនប្រុស ក៏បានអំពាវដល់យុវជនដែលមិនទាន់មានការងារធ្វើ ឬចង់ ផ្លាស់ប្ដូរការងារថ្មី សូមយក CV មកក្រសួង ការងារ ដើម្បីដាក់ពាក្យសម្ភាសការងារនៅ NEA ជាមួយក្រុមហ៊ុនធំៗជាច្រើន ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។ ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕