ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ គឺមានចំនួន ២០៤ដុល្លារ ក្នុង ១ខែ
ថ្ងៃទី ៖ 28-09-2023, ដោយ​​ admin , 158 Views
                     
ភ្នំពេញ : ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺមានចំនួន ២០៤ដុល្លារអាមេរិក ក្នុង ១ខែ បន្ទាប់ពីមានការឯកភាពគ្នារវាងសហជីព នយោជក និងមានការសម្របសម្រួលពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួល ចំនួន២០៤ដុល្លារអាមេរិកក្នុង១ខែ ដោយមិនទាន់គិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅឡើយ។

លោក បានបញ្ជាក់ថា ការឯកភាពប្រាក់ឈ្នួលចំនួន២០៤ដុល្លារនេះ ដោយមានការសម្រេចបន្ថែម ២ដុល្លារពីប្រមុខរាជរដ្ឋាភិបាល ។ លោក បានបញ្ជាក់ទៀតថា ការដំឡើងប្រាក់ឈ្នួល២០៤ដុល្លារក្នុងឆ្នាំ២០២៤នេះ គឺដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិត សម្រាប់កាត់បន្ថយភាពក្រីក្រ។

លោក គឹម ចាន់សំណាង តំណាងកម្មរនិយោជិតបានប្រកាសឯកភាពចំពោះការដំឡើងប្រាក់ឈ្នួល២០៤ដុល្លារក្នុងឆ្នាំ២០២៤នេះ ដោយយល់ឃើញថាស្ថានភាពសេដ្ឋកិច្ចកំពុងជួបបញ្ហាប្រឈម។ លោកបន្ថែមថា ការសម្រេចតួលេខ២០៤នេះ ដើម្បីបង្កើនការងាររបស់បងប្អូនកម្មករកម្មការរនី។

លោកឧកញ្ញា ណាង សុធី តំណាង តំណងនិយោជកបានបង្ហាញការគាំទ្រ និងសម្ដែងការសប្បាយរីករាយ និងខិតខំបំពេញការងារឱ្យបានកាន់ល្អប្រសើបន្ថែមទៀតជូនដល់បងប្អូនកម្មករនិជិត។

សូមបញ្ជាក់ថា នៅក្នុង ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ហើយប្រសិនបើបូក និងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ ។

យោងតាមខ្លឹមរបស់នាយករដ្ឋមន្រ្តី បានបញ្ជាក់នៅលើបណ្ដាញសង្គម នាថ្ងៃទី២៨ កញ្ញា នេះថា «ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ក្នុង ១ខែ ទៅលើតួលេខ ២០២ដុល្លា ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ (កើន ៤ដុល្លា ប្រៀបធៀបជាមួយឆ្នាំ ២០២៣ ដែលមានត្រឹម ២០០ដុល្លា)»។ បើតាមសម្ដេចធិបតី «មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសំឡេង ៤៦ លើ ៥១សំឡេង និងតួលេខ ២១៣ដុល្លារ ទទួលបានសំឡេង ៥ លើ ៥១សំឡេង»។

យោងលើសំឡេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។ សម្ដេចបន្ថែមថា «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ»។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។ «ខ្ញុំសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយនិងជូនដំណឹងដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន» ។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ទន្ទឹមនឹងនេះ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។ ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និងស្មារតីរួមក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ។ ខ្ញុំក៏សូមអរគុណដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានខិតខំដឹកនាំសម្របសម្រួលការចរចារនេះរហូតបានជោគជ័យនៅមុនភ្ជុំបិណ្ឌតាមការកំណត់របស់ខ្ញុំ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com