ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធ លើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នាំ២០២០ ដោយផ្អែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹងការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់ និងសាកលលោក។
ជាការគិតគូរចំពោះផលប៉ះពាល់នានា បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-19 រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ចំនួន៣លើករួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យជាមូលធន ៥ផ្នែក (ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។
ដោយឡែក ពន្ធចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារការចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។
ដូច្នេះការលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។
ផ្ទុយទៅវិញរាជរដ្ឋាភិបាល បាននិងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌ ក្នុងការសម្រួលការអនុវត្តពន្ធ លើចំណេញមូលធន ក៏ដូចជា រយៈពេលកំណត់សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធ លើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ៕