តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រធានបទឆ្នាំ២០២៣ នេះ ពិតជាបានគូសរំលេចកាន់តែច្បាស់ថែមទៀត ពីតួនាទី នៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់តែប្រសើរ។ ជាការពិតណាស់ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទកៈ។ ប៉ុន្តែ ជាអកុសល ការរីកចម្រើនន វិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំង សកលលោក។
ជាការកត់សម្គាល់ វិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធ យ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។
សម្តេចធិបតី បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយ សុវត្ថិភាព ដោយផ្តល់នូវភាពអំណោយផលដល់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញ នៅក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់។
ជាលទ្ធផល រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរ អន្តរជាតិចំនួនជាង ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងកម្រិត៨០% នៃឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដ-១៩ រីឯទេសចរជាតិមានប្រមាណ ១២,៣៨ លាននាក់ កើនឡើង ៦២,៥%។
ឆ្នាំ២០២៣ នេះ ក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)” កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់។
សម្តេចធិបតី បានបន្តទៀតថា ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលចំណែកពីវិស័យនានា ជាពិសេសការចូលរួម ចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជា ក្នុងអំឡុងពេលនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញនាពេលកន្លងមក៕