លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឡុង ហុកហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា កាលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះ ឡុង ហុកហេង ដែលបានចាប់រំលោភសេពន្ថវៈលេីខ្លួន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការ និងស្រាវជ្រាវ តែជនសង្ស័យបានដឹងខ្លួនមុនក៏បានគេចខ្លួន។
លោកបន្តទៀតថា រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងអធិការក្រុង ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ក្រាបរាល់បទល្មើសដែលកេីតមាន នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រហូតដល់វេលាម៉ោង០៣និង៣៥នាទី ទាបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក៏ប្រទះឃើញជនសង្ស័យ ដែលជាសមាជិកក្នុងក្រុម SDO(សម្ដេចឪ) ក្រុមRT(សៀមរាប) និងក្រុមKRK (ការ៉េមកី) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ក៏បានធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យ ឃើញថាមានលទ្ធផលវិជ្ជមាន ក៏បានធ្វើការឃាត់ខ្លួននាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារភាពថា រូបខ្លួនពិតជាបានប្រេីប្រាស់សារធាតុញៀន និងបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះពិតប្រាកដមែន។ ហេីយជនសង្ស័យក៏បានឆ្លើយសារភាពបន្ថែមទៀតថា កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ក្រុមរបស់ខ្លួន បានធ្វើសកម្មភាពវ៉ៃទៅលើក្រុមម្ខាងទៀត នៅចំណុចការ៉ាស់សាំង PTT ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណផងដែរ។
ដោយផ្អែកលេីចម្លេីយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី៕